ភ្នំពេញ ៖ បុរស៣នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូPCXជិះឌុបគ្នាលឿនជ្រុលបុកជាមួយរថយន្តកាមរីហាយប្រីតកំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FM-9611 ជិះឌុបគ្នា៣នាក់ ពីលិចទៅកើត ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាក់អើហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយភាគីរថយន្ត កាមរីហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BX-3405 បើកពីកើតទៅលិច កំពុងបត់ឆ្លងផ្លូវទៅត្បូង ច្រកចូលបុរីសែនមនោរម្យ បណ្តាលឱ្យប្លោងខ្ទាតម៉ូតូទៅកប់គំនរសំរាម រងរបួសធ្ងន់២នាក់ ស្រាល១នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមអ្នកគួកជេដឹកតាមម៉ូតូកង់បីរបស់គ្លីនិកឯកជនយកទៅ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.