កំពង់ស្ពឺ ៖ បុរសម្នាក់តូចចិត្តខ្លួនឯង ក្រោយកើតជម្លោះឈ្លោះជាមួយប្រពន្ធ តែយកឈ្នះមិនបាន ខាងស្រីខ្លាំងជាង បែជារត់ចូលទៅក្នុងផ្ទះ សង្ងំប៉ុនប៉ងសម្លាប់ខ្លួន ដោយយកកាំបិត ចាក់ អារ ដៃ ខ្លួនឯង មិនស្លាប់ រងរបួសធ្ងន់ ក្រុមគ្រួសារឃើញស្ងាត់បាត់មាត់ស្មានតែចូលសង្ងំដេក ចូលទៅមើលប្រទះឃើញរបួសពេញខ្លួន ផ្អើលអ្នកស្រុកកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ក្នុងភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បុរសចិត្តខ្លាំងមានឈ្មោះ ញ៉ ភារិទ្ធ អាយុ២១ឆ្នាំ មានឈ្មោះ អ៊ូច បាន និងកូនម្នាក់ក្នុងបន្ទុកគ្រួសារ រស់នៅក្នុងភូមិឃុំកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ បុរសខាងលើកើតមានជម្លោះសម្តីជាមួយប្រពន្ធ តែភាគីខាងប្រពន្ធខ្លាំងសម្តីជាង ខាងប្រុសមួយមាត់ ខាងស្រីមានតែ១០មាត់ ដឹងខ្លួនឯងឈ្លោះមិនឈ្នះ ចាញ់គេហើយ តូចចិត្តរត់ចូលទៅសង្ងំក្នុងផ្ទះ ដោយគិតស្មានថាអ្នកចាញ់ជាព្រះ អ្នកឈ្នះជាមា លែងឮសូរមាត់ គិតថាសង្ងំដេក ប្រពន្ធចូលទៅមើល ស្រាប់តែប្រទះឃើញប្តីប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ ដោយប្រើប្រាស់កាំបិតអារ ចាក់ ខ្លួន ដៃ បណ្តាលឱ្យរងរបួសធ្ងន់ ទើបផ្អើលឆោឡោ ។

ជនរងគ្រោះ ជំហានដំបូង សង្ស័យមានសារធាតុញៀន ព្រោះឃើញអារដៃ តែត្រូវបានក្រុមគ្រួសារអះអាងថា មិនដែលប្រើប្រាស់គ្រឿងញៀនទេ ហើយសមត្ថកិច្ច ក្រុមគ្រូពេទ្យធ្វើតេស្ត ក៏មិនមានសារធាតុញៀនដែរ ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យទាំងយប់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.