ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះឌុបគ្នា២នាក់ប្តីប្រពន្ធ លឿនជ្រុលបុកពីក្រោយរថយន្តFord បណ្តាលឱ្យប្តីរបួសធ្ងន់ ប្រពន្ធរបួសស្រាល រថយន្តខ្ទេចកាង និងបែកកញ្ចក់ក្រោយខ្ទេច ម៉ូតូរួញមួយកំណាត់មុខ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវសហព័ន្ធរុស្សី ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1P-0799 ជិះដោយបុរសម្នាក់ ឌុបប្រពន្ធ ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុលឿនជ្រុលទៅបុកពីក្រោយរថយន្តFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CB-7658 កំពុងបើកស្របទិស បណ្តាលឱ្យរងរបួសធ្ងន់ប្តី ប្រពន្ធរបួសស្រាល រថយន្តបែកខ្ទេចកាង កញ្ចក់ក្រោយ ម៉ូតូរួញមួយកំណាត់មុខ ។

ក្រោយកើតហេតុជនរងគ្រោះដឹងកំហុសខ្លួនឯង សុំយកម៉ូតូទៅជួសជុល និងទៅពេទ្យខ្លួនឯង យល់ព្រមឯកភាពគ្នា ខាងរថយន្តក៏មិនទាមទាររកសំណងដែរ បានបើកចាកចេញទៅបាត់ សល់តែខាងជនរងគ្រោះអង្គុយរង់ចាំបងប្អូនឌុបជូនទៅពេទ្យ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.