កំពង់ស្ពឺ ៖ រថយន្តធុនធំសណ្តោងសុីទែនប្រេងមួយគ្រឿង បើកលឿនជ្រុលទៅប៉ះពីក្រោយរថយន្ត កំពុងបើកស្របទិស ហើយរេចង្កូតទៅបុករះម៉ូតូចំនួន៣គ្រឿងទៀត ម៉ាកហុងដាឌ្រីម២គ្រឿង ហុងដាBeat១គ្រឿង បណ្តាលឱ្យរងរបួសមនុស្សប្រុសស្រីចំនួន៤នាក់ ដែលកំពុងជិះច្រាសទិស កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ ក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តបង្កម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4447 សណ្តោងរុឺម៉កសុីទែនប្រេង ពាក់ស្លាកលេខ ភ្នំពេញ 4A-4633 អ្នកបើកបរចុះគេចខ្លួនបាត់ ។

ចំណែកភាគីខាងម៉ូតូរងគ្រោះទាំង៣គ្រឿង ៖ ទី១ ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-1528 បើកដោយឈ្មោះ សុីវ ផន ភេទប្រុស អាយុ២១ឆ្នាំ រួមដំណើរជាមួយឈ្មោះ សា សារ៉ែន ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិស្តុកជ្រៃ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី២ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-4842 ជិះដោយឈ្មោះ សុត សុខណា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតាំងស្យា ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ទី៣ ម៉ូតូម៉ាកហុងដាBeat ពណ៌ក្រហម ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1V3645 ជិះដោយឈ្មោះ សាយ ឃុំ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាំងសំរោង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភពបន្តទៀតថា មុនកើតហេតុរថយន្តបង្កបើកពីកើតទៅលិចល្បឿនលឿន ដលើចំណុចកើតហេតុ ជ្រុលប៉ះពីក្រោយរថយន្តមួយគ្រឿង ហើយរេចង្កូតទៅបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុករះម៉ូតូចំនួន៣គ្រឿង កំពុងជិះច្រាសទិសគ្នា បណនតាលឱ្យរងរបួសមនុស្សចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ អ្នកបើកបររថយន្តបង្កចុះគេចខ្លួនបាត់ រីឯរថយន្តមួយគ្រឿងទៀត ឃើញមិនស្រួល មិនបានឈប់ បើកបន្តដំណើរទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនិងម៉ូតូចំនួន៣គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍កាហែង រង់ចាំតំណាងរថយន្តទៅដោះស្រាយជាមួយភាគីរងគ្រោះ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.