ព្រះសីហនុ ៖ អាសូរណាស់ យុវជនម្នាក់ឡើងចងទទឹក ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ប៉ះចំមុខតំណខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ទាំងនៅវ័យក្មេង ។កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ គង់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ ភូមិឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺពីស្ត្រីឈ្មោះ ជីវ សុណា អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ត្រូវជាម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ធ្វើឱ្យទឹកលិចពីទហូរជ្រាបចូលផ្ទះ ឃើញដូច្នោះ កូនប្រុស(ជនរងគ្រោះ)បានយកជណ្តើរ ឡើងទៅចងទតម្រង់ឡើងវិញ ស្រាប់តែលូកដៃទៅប៉ះមុខតំណខ្សែភ្លើង ឆក់ធ្លាក់ ស្រែកហៅអ្នកជិតខាងឱ្យជួយ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ធ្វើការពិនិត្យកោសល្យវិច័យ រួចឃើញថាស្លាប់ដោយឆក់ចរន្តភ្លើង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.