ភ្នំពេញ៖ បុរសម្នាក់មានការងារជាសន្តិសុខ ឆ្លៀតលួចលក់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌកំបូលតាមទាន់ចាប់ឃាត់ខ្លួន ដកហូតបានថ្នាំញៀនចំនួន២៤កញ្ចប់ និងសម្ភារៈមួយចំនួន រួចបន្តទៅឃាត់ខ្លួនជនសង្ស័យសកម្មទិញជក់បានម្នាក់ទៀត ដកហូតបានថ្នាំ២កញ្ចប់ សរុបបាន២៦កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រឿន ចាន់ថន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខឯកជន(មានសារធាតុញៀន) ស្នាក់នៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ដកហូតបាន ថ្នាំញៀនចំនួន២៤កញ្ចប់ , ម៉ូតូហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB-7699 ,ទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកvivo, ប្រាក់រៀលចំនួន១០០០០០រៀល(មួយសែនរៀល)និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ១សន្លឹក ។ ចំណែកជនសង្ស័យម្នាក់ទៀតឃាត់ខ្លួនបាន ឈ្មោះ លីវ ចាន់ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទែន ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ និងម៉ូតូហុងដាឌ្រីមមួយគ្រឿង ។

តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីស្រាវជ្រាវ ស្គាល់មុខសញ្ញាចែកចាយគ្រឿងញៀន នៅវេលាម៉ោងខាងលើ ឃើញជនសង្ស័យកំពុងលក់ថ្នាំឱ្យជនសង្ស័យម្នាក់ទៀត ហើយកម្លាំងឃាត់ខ្លួនបានទាំងអ្នកលក់ ទាំងអ្នកទិញជាបន្តបន្ទាប់ ។

ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង នាំទៅការិយាល័យជំនាញ ទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.