សិល្បៈ​ជាតិ​៖ ថ្មីៗនេះ​មាន​ការ​ជជែក​វែកញែក​ និង​ឆ្លើយឆ្លង​គ្នា​នៅ​ក្នុង​ចង្កោម​អ្នក​និយម​អាន​ប្រលោម​លោក និង​អ្នក​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ត​ភាគ​ ដោយ​នៅ​ក្នុង​នោះ​មាន​ទំព័រហ្វេសប៊ុក​ល្បីមួយ​ឈ្មោះ​ Cambodia Next Generation ​ដែល​មាន​ចំនួន​អ្នក​តាមដាន​ ឬ Follower រហូតជាង 600K បាន​ចេញ​បង្ហោះ​សារ​​គួរ​ពិចារណាថា​៖ «ខ្ញុំឆ្ងល់កុនខ្មែរយើង ឃើញក្មេងៗឥឡូវ ចេញសៀវភៅមក ល្បីៗណាស់ ម៉េចមិនទិញសិទ្ធផលិតជាកុន ភ្ជាប់មកថា best selling Novel… អីចឹងហូវមិន» បន្ទាប់​ពី​មាន​ការ​លើកឡើង​នេះ សង្កេតឃើញ​មាន​ការ​លើក​ឈ្មោះ​ប្រលោមលោក​ជា​ច្រើន​ដែល​ហ្វេន​ប្រលោម​លោក​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ថត​ជា​ផ្ទាំងទស្សនីយភាព​រស់រវើក។ មែនទែន​ទៅ​ការ​ទិញ​ស្នាដៃ​ប្រលោមលោក​មក​ផលិតជា​ភាពយន្ត​នេះ មិនមែន​ជា​រឿង​ថ្មី​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​នៅ​បរទេស​គេ​ធ្វើ​យូរណាស់​មកហើយ ហើយថែម​ទាំងល្បីល្បាញ​ និង​មាន​ការ​គាំទ្រ​ទៀត​ រីឯ​កម្ពុជាកាល​ពី​កន្លងមក​​ ក៏មាន​ស្នាដៃ​ប្រលោមលោក​ខ្លះ​ ធ្លាប់​ត្រូវ​បាន​យក​មក​ផលិត​ជា​រឿង​ភាគ​ផង​ដែរ គ្រាន់​តែ​មិន​ទាន់​មាន​ច្រើន​ផុសផុល​ប៉ុណ្ណោះ​។

នៅ​ក្នុង​ចំណោម​ប្រលោមលោក​ល្បីៗ​ជា​ច្រើន​ប្រភេទ​ មានទាំង​ អប់រំ​ ស្នេហា​មនោសញ្ចេតនា ស៊ើបអង្កេត និង ​អបិយជំនឿ ​នោះ​ សារព័ត៌មាន​សូមលើក​យក​ ​ស្នាដៃ​ មនោសញ្ចេតនាចំនួន​៣​ពី ​អ្នក​និពន្ធ​ជា​ស្ត្រី​ ​៣​រូប​ ដែល​មាន​ហ្វេន​ទទូច​ចង់​ឱ្យ​ស្នាដៃ​នោះ​ត្រូវ​បាន​ទូរទស្សន៍ ឬ ផលិតកម្ម​ ទិញសិទ្ធិផលិត​ជាខ្សែ​​ភាពយន្ត​ភាគ​​

១. «កំណត់ហេតុពណ៌ស្វាយ» គឺជាស្នាដៃ​និពន្ធ​ដោយ​ អ្នក​នាង ម៉ៅ ចាន់រស្មី​ ទាយាទ​តែម្នាក់​គត់របស់​ អ្នក​និពន្ធ​ ម៉ៅ សំណាង​ ហៅទន្សាយ។ ប្រលោម​លោកមនោសញ្ចេតនាបែបអភិនីហារល្បីល្បាញខ្លាំងបំផុតរបស់អ្នកនិពន្ធម៉ៅ ចាន់រស្មី ឬ​មាន​នាម​ប៉ាកា (កូនទន្សាយ) បាន​នាំអារម្មណ៍អ្នកអានទៅជួបនឹងរឿងរ៉ាវស្នេហាដ៏ផ្អែមល្ហែមមួយនាទសវត្សរ៍ទី៦០ របស់គូស្នេហ៍មួយគូ ដែលបែកគ្នាព្រោះតែការយល់ច្រឡំកាលពីជាតិមុននិងបានវិលមកជួបគ្នានៅជាតិថ្មីដោយសារកម្លាំងអធិដ្ឋានដ៏អស្ចារ្យ!។ តួឯកប្រុសក្នុង​ប្រលោមលោក​នេះ មាន​ឈ្មោះ វេហា ដែលជាបុរសសង្ហាមានក្តីស្រឡាញ់យ៉ាងធំធេងនិងហ៊ានលះបង់គ្រប់យ៉ាងដើម្បីតួឯកស្រី វីយោឡែត។ សេចក្ដី​ស្នេហា​ដ៏​បរិសុទ្ធ​ ធ្វើឱ្យបេះដូងអ្នកអានរំភើបរំជើបរំជួលតាមស្នេហារបស់អ្នកទាំងពីរ។

២ .«ភរិយាខ្ញុំអាយុ ១៨ ឆ្នាំ» ជា​​ប្រលោមលោក និពន្ធដោយ​ កញ្ញា គីម ឌីណា។ ស្នាដៃ​មួយ​នេះ​ ទទួលបានការគាំទ្រខ្លាំងពីអ្នកអានព្រោះជាប្រភេទរឿងស្នេហាបែបផ្អែមល្ហែមលាយកំប្លុកកំប្លែង​ធ្វើ​ឱ្យ​អ្នក​អានសើចផង អៀនផង។ ជាពិសេស​ សាច់រឿង​បាន​ឆ្លុះ​បញ្ចាំងបង្ហាញពីស្នេហារបស់សុភាពបុរសវ័យ ៣៥ ឆ្នាំ ឈ្មោះ​ វិចិត្រ និងយុវតី កណ្ណិកា នារីរូបស្អាត វ័យក្មេង មាន​អាយុ​ទើប​ ១៨ ឆ្នាំ។ ស្នេហាអ្នកទាំងពីរផ្តើមឡើងពីអាពាហ៍ពិពាហ៍មួយ ដែលដំបូង​ឡើយ កណ្ណិកាមិនទាន់មានចិត្តស្រឡាញ់វិចិត្រនៅឡើយ តែព្រោះតែអំពើល្អ មាន​សុភាពជា​សុភាពបុរសនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់វិចិត្រក្នុងនាមជាស្វាមី ទើបអាចយកឈ្នះចិត្តនាងក្រមុំ​បាន​។

៣. ប្រលោមលោករឿង «រាមសោមា» ស្នាដៃ​របស់អ្នកនិពន្ធ នួន ពេជ្រស៊ូដេនី ហៅ (បក្សីស) ជារឿងប្រលោមលោកថ្មីប្រចាំឆ្នាំ២០២៣ ដែលបានប្រលោមចិត្តប្រិយមិត្តអ្នកនិយមចូលចិត្តអានសៀវភៅប្រលោមលោក តាមរយៈ រឿងរ៉ាវស្នេហាមនោសញ្ជេតនាជ្រាលជ្រៅរបស់មនុស្សពីរនាក់ ដោយ​មាន​វេញបញ្ចូល​ការពណ៌នាពីសិល្បៈវប្បធម៌ជាតិខ្មែរ។ តួឯក​ស្រី​ សោមា ជាមនុស្សស្រីសម័យថ្មី មានចំណេះដឹង ឆ្លាតវៃ និងរឹងមាំ។ នាងជាអ្នកជំនួញវ័យក្មេងដ៏ពូកែ ដែលស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងជួយផ្សព្វផ្សាយតាមរយៈក្រុមហ៊ុនពិធីការ និងតុបតែងលម្អរបស់នាង។ ចំណែក​ឯតួឯកប្រុស សច្ចៈរាម ជាម្ចាស់សណ្ឋាគាររូបសង្ហា ដែលមានចរិតស្ងប់ស្ងាត់ និងមិនសូវចាប់អារម្មណ៍ក្នុងរឿងស្នេហា។ បេះដូងរបស់គេហាក់សោះអង្គើយចំពោះនារីរូបស្អាតជាច្រើន។ តែទីបំផុតមន្តស្នេហ៍ សោមា បានធ្វើឱ្យរាមលង់ចិត្តស្រលាញ់យ៉ាងជ្រាលជ្រៅ។ រាមនិងសោមាជាតំណាងបុរសនារីសម័យថ្មីពីររូប ដែលមានឯករាជ្យភាពរឹងមាំគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តជ្រើសរើសស្នេហា និងអនាគតរបស់ខ្លួនដោយកិត្តិយស និងគុណធម៌។

យ៉ាងណាមិញ អ្នក​គាំទ្រ​ស្នាដៃ​ប្រលោមលោក​ជា​ច្រើន​ក៏​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​ ដោយ​មាន​ការ​ជជែក​វែក​ញែក​ដែរ​ថា អ្នក​និពន្ធ​ខ្លះ​សុខចិត្ត​មិន​លក់​ស្នាដៃ​របស់​ខ្លួន​ ព្រោះ​តែ​បារម្ភថា ការ​ទិញសិទ្ធិ​យក​ទៅ​ផលិត មិន​បាន​ដូច​នឹង​ស្នាដៃ​ដើម​នៅ​ក្នុង​ប្រលោម​លោក​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខក​ចិត្ត  ហើយ​ក៏​ប៉ះពាល់​ដល់​ស្នាដៃ​និពន្ធ​ក្រោយ​ៗ​របស់​ខ្លួន​ផង​ដែរ។ ដូច្នេះ​ហើយ​គេ​សង្ឃឹមថា ប្រសិនបើ​ផលិតករ អ្នក​ដឹកនាំ ឬ​ក្រុមការងារផលិត​សម្រេចចិត្ត​ទិញ​ស្នាដៃ​ប្រលោមលោក​ទៅ​ថតជា​ខ្សែ​ភាពយន្ត​សូម​មាន​ការ​សិក្សាស្រាវជ្រាវពី​ផ្ទៃរឿង​ ឱ្យ​បាន​លម្អិត និង​ស៊ីជម្រៅ​ ចៀសវាង​ធ្វើ​ឱ្យ​អ្នក​និពន្ធ និង​អ្នក​ទស្សនា​ខក​បំណង៕

Share.