តាម​ការ​ពន្យល់​របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន CBC នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី ប្រតិបត្តិការ​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ព័ត៌មាន​ឥណទាន​របស់​បុគ្គល​នីមួយៗ (រូបវន្ត និង​នីតិបុគ្គល) ត្រូវ​រក្សា​ទុក និង​បង្ហាញ​ទិន្នន័យ​ក្នុង​រយៈពេល​ខុស​ៗ​គ្នា​។ សម្រាប់​ព័ត៌មាន​វិជ្ជមាន​ត្រូវ​រក្សា​ទុក និង​បង្ហាញ​ទិន្នន័យ​ក្នុង​រយៈពេល ១០ ឆ្នាំ និង​ព័ត៌មាន​អវិជ្ជមាន មាន​រយៈ​ពេល ៣ ឆ្នាំ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទូទាត់​សង​គ្រប់​ចំនួន​។ ចំណែក​ឯ​ព័ត៌មាន​នៃ​មូលប្បទានបត្រ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី មាន​រយៈពេល ២​ឆ្នាំ តាប់​ចាប់​ពី​ថ្ងៃ​ប្រគល់​ត្រឡប់​ទៅ​គ្រឹះស្ថាន​។ សូម​បញ្ជាក់​ថា ទិន្នន័យ​ទាំង​អស់​នេះ មិន​មែន​លុប​ចោល​នោះ​ទេ វា​ជា​សុពលភាព​នៃ​ការ​បង្ហាញ​នៅ​ពេល​ដែល​ឆែក​មើល ហើយ​វា​នឹង​ត្រូវ​រក្សា​ទុក​រយៈ​ពេល​១៥ឆ្នាំ ទើប​លុប​ជា​ស្ថាពរ​បាន​។

តាម​ការ​ពន្យល់​របស់​ក្រុម​ការងារ CBC ពុំ​មាន​វិធី​ណា​អាច​លុប ឬ​កែ​សម្រួល​ព័ត៌មាន​ឥណទាន​អវិជ្ជមាន​នោះ​ទេ គឺ​មាន​តែ​ការ​បង់​សង​ឲ្យ​ទៀងទាត់ ដើម្បី​កសាង​ព័ត៌មាន​វិជ្ជមាន​ឡើង​វិញ រង់ចាំ​រយៈ​៣ឆ្នាំ ព័ត៌មាន​អវិជ្ជមាន​នឹង​លែង​បង្ហាញ​នៅ​លើ​របាយការណ៍​ឥណទាន​ទៀត​ហើយ​។

ប្រវត្តិ​ឥណទាន​ល្អ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ដាក់​ស្នើ​ឥណទាន​ទៅ​កាន់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ និង​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ក្នុង​វិស័យ​នេះ ដោយ​វា​ផ្ដល់​ឱកាស​កាន់​តែ​លឿន​ក្នុង​ការ​សម្រេច​ចិត្ត​ផ្ដល់​កម្ចី​, ឱកាស​ចរចា​ទំហំ និង​ការប្រាក់​, ទទួល​បាន​ពិន្ទុ​ឥណទាន​ល្អ និង​ឥណទាន​ល្អ​សម្រាប់​ការងារ​ផ្នែក​គ្រប់គ្រង​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.