មណ្ឌលគិរី៖ អ្នកគ្រូពេទ្យម្នាក់បានស្លាប់ក្នុងបន្ទប់ប្រចាំការ ចំណែកកូនស្រីរងរបួសធ្ងន់ បន្ទាប់ពីជនដៃដល់ ប្រដាប់ដោយកាំភ្លើងAK47ចូលទៅបាញ់ប្រហារជីវិត គ្រាប់ប្លាតទៅត្រូវកូនស្រី ដោយសារខឹងសំស្រឡាញ់ជនរងគ្រោះមិនបាន បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ចឃាត់ខ្លួនបានជនដៃដល់បានភ្លាម កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះមានឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យ ប្រចាំប៉ុស្តិ៍សុខភាព ស្លាប់ក្នុងថ្លុកឈាម ។ ចំណែកកូនស្រីរងរបួសធ្ងន់ ឈ្មោះ ជូ សាណា អាយុ៦ឆ្នាំ មានទីលំនៅ អណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

រីឯជនដៃដល់មានឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានប្រពន្ធនិងកូន រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។

តាមប្រភពបានឱ្យដឹងថា មុនឈានដល់ផ្ទុះរឿងឃាតកម្មបែបនេះ ជនសង្ស័យបានសុំស្រឡាញ់ អ្នកគ្រូពេទ្យ (ជនរងគ្រោះ)ដែលជាអ្នករស់នៅក្នុងភូមិជាមួយគ្នា តែត្រូវបានជនរងគ្រោះបដិសេធ ព្រោះមានប្តី មានប្រពន្ធរៀងខ្លួនហើយ ធ្វើឱ្យជនដៃដល់ខឹង យកកាំភ្លើងAK47 ចូលទៅបាញ់ប្រហារជីវិតដល់ក្នុងបន្ទប់ប្រចាំការ ។

តាមការសាកសួរស្រាវជ្រាវ ជនរងគ្រោះត្រូវវេនប្រចាំការនៅប៉ុស្តិ៍សុខភាព ហើយបានយកកូនស្រីអាយុ៦ឆ្នាំទៅដេកសម្រាកជាមួយ ស្រាប់តែនៅវេលាម៉ោងខាងលើ ជនដៃដល់ប្រដាប់ដោយកាំភ្លើងAK47 បង់មួយ គ្រាប់៦គ្រាប់ លបចូលទៅបាត់ បណ្តាលឱ្យស្លាប់ គ្រាប់ប្លាតទៅត្រូវកូនស្រី បណ្តាលឱ្យរងរបួសធ្ងន់ ។

បន្ទាប់ពីផ្ទុះមានរឿងបែបនេះ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនបានជនដៃដល់ ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចចុះអន្តរាគមន៍ បញ្ជូនក្មេងស្រីទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត សាកសពស្ត្រីរងគ្រោះ ក្រោយពីពិនិត្យកោសល្យវិច័យរួចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ។ រីឯជនដៃដល់ត្រូវបានឃាត់ខ្លួននាំយកទៅស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.