ភ្នំពេញ ៖ ស្ត្រីម្នាក់ជាគ្រូបង្រៀន រងរបួសធ្ងន់ បាក់ដៃឆ្វេងសន្លប់ស្តូកស្តឹង ចំណែកសិស្សសាលាម្នាក់ទៀតរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូធុនធំជិះដោយក្មេងស្ទាវបើកលឿនវ៉ាជែងជ្រុល បុកជាមួយម៉ូតូស្កុបពីច្រាសទិសគ្នា បន្តទៅប៉ះម៉ូតូស្កុបពីមួយគ្រឿងទៀត ជិះដោយសិស្សសាលា របួសស្រាល កាលពីវេលាម៉ោង១២និង៣៥នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងមុខសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ រុន សុផាត ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិជីរោទ៍២ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ មានម៉ូតូធុនធំមួយគ្រឿង ជិះដោយក្មេងស្ទាវ លឿនពីជើងទៅត្បូង ដល់មុខសាលារៀន ខណៈដែលសិស្សកំពុងចូលសាលា វ៉ាជែងគេចជ្រុលទៅបុកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-0861 ជិះដោយអ្នកគ្រូបង្រៀន ពីត្បូងទៅជើង បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃ សន្លប់ស្តូកស្តឹង បន្តទៅប៉ះម៉ូតូស្កុបពី ពណ៌ស មួយគ្រឿងទៀត ជិះដោយសិស្សសាលា របួសស្រាល ហើយម៉ូតូបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ លើកដាក់រុឺម៉កម៉ូតូផ្ទាល់ខ្លួនយកទៅពេទ្យ តែត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់លើកដាក់រថយន្តវិញដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង ខណៈដែលម៉ូតូបង្កបើករត់គេចបាត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.