ស្រុកស្ទឹងហាវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឱ្យបុរស់ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់នៅ  ដោយបើកបរម៉ូតូលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ  ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២២ : ១២ នាទីយប់រំលងអាធ្រាតយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅលើវិថីសម្តេចហ៊ុនសែន ត្រង់ចំណុចផ្លូវកោង មុខឃ្លាំងប្រេងស៊ូគីមិច ស្ថិតក្នុងក្រុម៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ 

តាមប្រភពសមត្ថកិច្ចបានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ម៉ូតូ១គ្រឿងខាងលើ ម៉ាក HONDA ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ យាន់ ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកាប់អុស មានទីលំនៅ ខបី ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សុខ គង់ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកាប់អុសលក់ ស្នាក់នៅ ក្បែរគ្នាជាមួយអ្នកបើកបរ (អ្នកទាំង២មិនមានមួកសុវត្ថិភាពទេ) ដែលបើកបរក្នុងទិសដៅពីកើតទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក ដោយផ្លូវស្ថានភាពកោងឆ្វេង ក៏ជ្រុលល្បឿនទៅបុករបង(ដែក)ផ្ទះរបស់ឈ្មោះ ឌី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឱ្យស្លាប់មនុស្ស១នាក់(អ្នកបើកបរ) និងរបួសអ្នករួមដំណើរម្នាក់។បច្ចុប្បន្នវត្ថុតាងខាងលើត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ដើម្បីបន្តនីតិវិធី រីឯសពបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឈុន គឹមហៃ

Share.