តាម​រយៈ​វីដេអូ​សកម្មភាព និង​អត្ថបទ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ពី ៣ ខែ​ឧសភា ឆ្នាំ ២០២៤ ក្រសួង​រ៉ែ និង​ថាមពល​ប្ដេជ្ញា​បញ្ចប់​នូវ​សកម្មភាព​រ៉ែ​អនាធិបតេយ្យ និង​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រ៉ែ ដោយ​ស្របច្បាប់ ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ជាតិ​ជា​ច្រើន​មាន​ជា​អាទិ៍ ការ​បង្កើត​ឱ្យ​មាន​ឱកាស​ការងារ​នៅ​នឹង​កន្លែង និង​ប្រយោល ការ​ចូលរួម​ចំណែក​ដល់​ការ​បង្កើត​ប្រភព​ចំណូល​ថវិកា​ជាតិ​បន្ថែម និង​ការ​បំបាត់​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​សង្គម ព្រម​ទាំង​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ប្រកប​ដោយ​ចិរភាព​។

ជា​មួយ​គ្នា​នេះ​ក្រសួង​រ៉ែ និង​ថាមពល អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​អនាធិបតេយ្យ ឲ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ទាំង​នេះ ហើយ​ចូលរួម​ទប់ស្កាត់ ដោយ​រាយការណ៍​អំពី​សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ​ទៅ​កាន់​អាជ្ញាធរ ឬ​រាយការណ៍​ទៅ​ក្រសួង​រ៉ែ និង​ថាមពល តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ។

មាន​ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម មួយ​ចំនួន​បាន​សម្ដែង​ការ​គាំទ្រ និង​សាទរ​ចំពោះ​ការ​ប្ដេជ្ញា និង​វិធានការ​នេះ ប៉ុន្តែ​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ ដោយ​លើក​ឡើង​ពី​ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម​របស់​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ ដែល​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាត់​វិធានការ​នៅ​ក្នុង​មូលដ្ឋាន​ខ្លួន។ ទោះជា​យ៉ាងណា​ក៏ដោយ ជា​រួម​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធាន​ឲ្យ​មាន​ប្រសិទ្ធភាព ស្មើភាព ធានា​ឲ្យ​បាន​នូវ​នូវ​ផលប្រយោជន៍​ជាតិ ដូច​ដែល​បាន​ប្ដេជ្ញា​ខាង​លើ​។

របរ​ជីក​រ៉ែ​មាស​របស់​ប្រជាពលរដ្ឋ​ខ្មែរ មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ដែល​ប្រជាពលរដ្ឋ​យើង​តែង​ធ្វើ​ឡើង​ជា​លក្ខណៈ​គ្រួសារ​នៅ​ពេល​ទំនេរ​ពី​ការងារ​ស្រែចម្ការ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្ថែម ហើយ​ប្រើប្រាស់​ឧបករណ៍​សាមញ្ញ​មាន​នៅ​ក្នុង​មូលដ្ឋាន និង​មិន​ប្រើប្រាស់​សារធាតុ​គីមី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ទេ​។

ក្រសួង​រ៉ែ និង​ថាមពល​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ សកម្មភាព​ជីក​រ៉ែ​អនាធិបតេយ្យ​នៅ​តែ​បន្ត​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ជា​មួយ​នឹង​ការ​ប្រើប្រាស់​សារធាតុ​គីមី រំសេវ​ជាតិ​ផ្ទុះ​ថ្ម​បំបែក និង​ជីក​រូង​អណ្ដូង​រ៉ែ​ក្រោម​ដី ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​បំផុត​។ ក្រៅ​ពី​នេះ​សកម្មភាព​អាជីវកម្ម​អនាធិបតេយ្យ​ទាំង​នេះ បន្ត​បង្ក​ឱ្យ​មាន​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ​ជាតិ ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន បង្ក​ជា​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព របស់​អ្នក​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​ខ្លួនឯង ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ក្នុង និង​ក្រៅ​មូលដ្ឋាន​។

ក្រសួង​រ៉ែ និង​ថាមពល បាន​លើក​ឡើង​ពី​បទល្មើស​រ៉ែ ដែល​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ក្រសួង​រ៉ែ និង​ថាមពល​បាន​សហការ​ជា​មួយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី អម​ដោយ​កង​កម្លាំង​មាន​សមត្ថកិច្ច ចុះ​អនុវត្ត​ច្បាប់​លើ​សកម្មភាព​ខុសច្បាប់​ទាំង​នេះ​ឡើង​វិញ និង​បាន​សហការ​ជា​មួយ​អ្នក​ជំនាញ​របស់ JICA មក​ពី​សកលវិទ្យាល័យ​ហុកកៃដូ​នៃ​ប្រទេស​ជប៉ុន និង​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា​ដោយ​សិក្សា​ពី​ផល​ប៉ះពាល់ ដូចជា អាស៊ីដ និង​សារធាតុ​លោហៈ​ផ្ទុក​ក្នុង​ទឹក ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​។ ក្រុម​ជំនាញ​យើង​កំពុង​សិក្សា​ពី​វិធីសាស្ត្រ​បន្សាប​អាស៊ីដ  និង​សារធាតុពុល ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​អកម្ម (Passive Treatment) នា​ពេល ខាង​មុខ​នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខុមាលភាព សង្គម និង​បរិស្ថាន​នៅ​តំបន់​អតីត​អនាធិតេយ្យរ៉ែ និង​តំបន់​ដែល​រង​ប៉ះពាល់​ក្បែរ​នោះ​៕

ប្រភព៖ ក្រសួង​រ៉ែ និង​ថាមពល

Share.