មុមបៃ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា មនុស្ស ១២នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៦០នាក់បានរងរបួស បន្ទាប់ពីផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំមួយបានដួលរលំអំឡុងពេលព្យុះដ៏កាចសាហាវមួយកើតឡើងនៅក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងរូបភាពបង្ហាញថា អេស្កាវ៉ាទ័រមួយគ្រឿងកំពុងជីកកកាយតាមបំណែកបាក់បែក ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីផ្លាកប៉ាណូខាងលើបានដួលរលំនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងនៅភាគខាងកើតនៃទីក្រុង ដោយមនុស្សរាប់សិបនាក់បានជាប់នៅខាងក្រោមផ្ទាំងនោះ។

លោក Gaurav Chauhan អធិការនៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ (NDRF) បាននិយាយថា សាកសពចំនួន៨នាក់ ត្រូវបានដកចេញពីក្រោមបំណែកនោះរួចហើយ ខណៈសាកសព​ ៤នាក់​ទៀត​នៅ​តែ​ត្រូវ​បានរកឃើញ​កប់​នៅ​ក្នុង​គំនរ​បាក់បែក។

គិតត្រឹមព្រឹកថ្ងៃអង្គារ នេះ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរក្រុងបាននិយាយថា មនុស្ស ៦០នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។ ទន្ទឹមនោះ លោក Devendra Fadnavis អនុរដ្ឋមន្ត្រីនៃរដ្ឋ Maharashtra បាននិយាយថា អ្នករងរបួសកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ Rajawadi។

យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយកម្លាំងប៉ូលិសក្រុងបុមបៃ បានឱ្យដឹងថា ផ្ទាំងប៉ាណូដែលដួលរលំនោះមានទំហំ ៧០ គុណ ៥០ម៉ែត្រ។

សារព័ត៌មានឥណ្ឌា រាយការណ៍ថា ជើងហោះហើរត្រូវបានផ្អាកជាបណ្ដោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង ដោយមានយន្តហោះយ៉ាងតិច ១៥គ្រឿងបានបង្វែរទិសដៅហោះហើរ។

សូមជម្រាបថា ទីក្រុងបុមបៃ ត្រូវបានវាយប្រហារដោយខ្យល់បក់ខ្លាំង អមដោយភ្លៀង និងព្យុះធូលីកាលពីថ្ងៃព្រហស្បតិ៍ បណ្ដាលឱ្យបាក់រលំដើមឈើ និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងរយៈពេលខ្លីនៅក្នុងផ្នែកខ្លះនៃទីក្រុង រួមជាមួយនឹងការរំខានដល់បណ្តាញខ្សេរថភ្លើងក្នុងទីក្រុងផងដែរ៕

ប្រភព៖ CNA

Share.