កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និង ប្រគល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ម្សិលមិញនេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះលោក អភិបាលស្រុក បានណែនាំដល់រដ្ឋបាលឃុំពពក ត្រូវផ្ដល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរកហានិភ័យប្រកបដោយតថភាពជាក់ស្ដែងបំផុត ដើម្បី ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានជាក់លាក់ផងដែរ។

លោកអភិបាលស្រុកស្ទោង ក៏បានធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកមេឃុំពពកត្រូវសហការគ្នាជាមួយនឹងអធិការដ្ឋាននគរបាលស្រុកស្ទោង ក្នុងការពន្លឿននិងធ្វើសៀវភៅគ្រួសារ ក៏ដូចជាឯកសារអត្រានគរដ្ឋានផ្សេងៗទៀតជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជិត ឬដល់ផ្ទះពលរដ្ឋតែម្ដង។

ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន សូមនាំគ្នាថែរក្សាធនធានធម្មជាតិ ពិសេសព្រៃឈើនៅក្នុងឃុំពពកក៏ដូចជាស្រុកស្ទោងទាំងមូលឲ្យបាននូវគង់វង្សទុកជាកេរ្តិដំណែលមនុស្សជាតិទៅមុខ។

 គួរបញ្ជាកើ ថាប័ណ្ណសមធម៌ដែលប្រគល់ជូនពុកម៉ែបងប្អូននៅក្នុងឱកាសនេះមានចំនួន១៦៧ប័ណ្ណ ដែលក្នុងនោះ ក្រីក្រ១ចំនួន១៣ប័ណ្ណ ក្រីក្រ២ចំនួន៩៦ប័ណ្ណ និងហានិភ័យចំនួន៥៨ប័ណ្ណ៕

អត្ថបទ៖ កំពង់ធំ

Share.