ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលចរាចរណ៍ និងនគរបាលការិយាល័យអន្តរាគមន៍ តម្រួតបទបញ្ជារាជធានីភ្នំពេញ បានបន្តការចុះអនុវត្តច្បាប់លើយានយន្តទាំងឡាយ ដែលពាក់ស្លាកលេខ-នគរបាល មានភាពខុសប្រក្រតី ពោលមិនត្រឹមត្រូវតាមច្បាប់ចរាចរណ៍ជើងគោក ។

ការបន្តចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជាលទ្ធផល នៃការអនុវត្តពេញសមត្ថកិច្ច បានរកឃើញយានយន្តល្មើសមួយចំនួន ដែលពាក់ស្លាកលេខ-នគរបាល ខុសប្រក្រតី មិនត្រឹមត្រូវតាមអនុក្រឹត្យ ដោយម្ចាស់យាន បានប្រើផ្លាកលេខដែលពុំបានចុះបញ្ជីរពីក្រសួង ហើយកឹបផ្លាកលេខដោយខ្លួនឯង ដូច្នោះហើយ សមត្ថកិច្ចបានធ្វើការដកហូតផ្លាកលេខពីម្ចាស់យានយន្ត ដោយធ្វើការដោះចេញយកមករក្សាទុក រួចធ្វើការផាកពិន័យលើម្ចាស់យានទៅតាមផ្លូវច្បាប់ ស្តីពីចរាចរណ៍ជើងគោក ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ៖ យានយន្តពាក់ផ្លាកលេខ -នគរបាល ដែលបានធ្វើដំណើរឆ្លងកាត់គោលដៅសមត្ថកិច្ច គឺនឹងត្រូវសុំធ្វើការត្រួតពិនិត្យទាំងអស់ ក្នុងករណីដែលពិនិត្យឯកសារមើលទៅគ្រប់គ្រាន់ មានចុះគល់បញ្ជីរក្រសួង និងមានបិទឡូហ្គូនគរបាលជាតិលើរថយន្តត្រឹមត្រូវហើយនោះ គឺនឹងត្រូវអនុញ្ញាត្តិអោុធ្វើដំណើរទៅមុខបន្ត ប៉ុន្តែបើមានភាពខុសប្រក្រតីណាមួយ គឺអនុវត្តតាមផ្លូវច្បាប់ជាធរមាន ។

សមត្ថកិច្ចបន្ថែមទៀតថា កម្លាំងនគរបាលចម្រុះ នឹងបន្តការអនុវត្តនេះ ជាប្រចាំ និងជាបន្តបន្ទាប់ទៀត នៅតាមគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ហើយការអនុវត្តនេះ ក៏ផ្សារភ្ជាប់ជាមួយការអនុវត្តច្បាប់ចរាចរណ៍ លើយានយន្តល្មើសដោយមិនពាក់មួក ឬកញ្ចក់ផងដែរ ដើម្បីធានាឱ្យបាន លើការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋអ្នកដំណើរ ៕

អត្ថបទ៖ សេង សាវី

Share.