ហ្សាការតា៖ បើតាមអាជ្ញាធរបាននិយាយនាថ្ងៃអង្គារ នេះថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ភ្លាមៗ និងរអិលបាក់ដីភក់នៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៥២នាក់ ហើយមនុស្សជាង ៣,០០០នាក់ត្រូវបានជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤។

ចុចអាន៖ មនុស្ស ៤១នាក់ស្លា.ប់ ខណៈមនុស្ស១៧នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំន.ន់ភ្លាមៗ នៅភាគខាងលិចឥណ្ឌូណេស៊ី

ភ្លៀងធ្លាក់យ៉ាងគំហុកនៅល្ងាចថ្ងៃសៅរ៍ បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ រួមទាំងការរអិលបាក់ដី និងលំហូរកម្អែលត្រជាក់ ដែលជាល្បាយដូចភក់នៃផេះភ្នំភ្លើង ហើយមានកំទេចកំទីថ្ម ចូលទៅក្នុងស្រុកចំនួន៣ ក្នុងខេត្តស៊ូម៉ាត្រាខាងលិច ខណៈកាល​ពី​ថ្ងៃ​ចន្ទ ចំនួន​អ្នក​ស្លាប់​មាន​ចំនួន ៤៣​នាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយស៊ូម៉ាត្រាខាងលិច លោក Ilham Wahab បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៥២នាក់ មានសពច្រើនជាង ៤៥នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ លោកបានបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះក្នុងស្រុក ប៉ូលីស និងយោធានឹងបន្តស្វែងរកមនុស្ស ១៧នាក់ដែលនៅតែបាត់ខ្លួន។

លោក Ilham បាននិយាយថា ផ្ទះចំនួន ២៤៩ខ្នង ផ្ទៃដីចំនួន ២២៥ហិកតា រួមទាំងវាលស្រែ និងផ្លូវសំខាន់ៗជាច្រើន នៅក្នុងស្រុកចំនួន៣ ត្រូវបានរងការខូចខាត ហើយទឹក​ជំនន់​បាន​ស្រកទៅ​វិញ​តាំង​ពី​ថ្ងៃ​អាទិត្យ។

ទន្ទឹមនោះលោក Ilham បានបន្ដថា «ក្រៅពីការស្វែងរកអ្នកបាត់ខ្លួន យើងនឹងផ្តោតលើការសម្អាតផ្លូវសំខាន់ៗពីដីភក់ ដើមឈើ និងថ្មធំៗ ដែលនាំមកដោយទឹកជំនន់បាំងពេញលើផ្លូវ និងការតាំងទីលំនៅដ្ឋានរបស់ប្រជាជន»។

ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយជាតិ និងគ្រប់គ្រង (BNPB) លោក Suharyanto បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមព្រឹកថ្ងៃអង្គារ មនុស្សចំនួន ៣,៣៩៦នាក់ត្រូវបានជម្លៀសពីកន្លែងរងគ្រោះ។ ហើយក្រុមការងារបានចែកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងទឹកស្អាតដែរ»។

សូមជម្រាបថា លំហូរ​កម្អែ​លត្រជាក់ ដែល​គេ​ស្គាល់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ថា​ជា «​ឡាហារ» បានហូរ​ចេញ​ពី​ភ្នំ​ភ្លើងម៉ារ៉ាពី ជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​របស់​កោះ​ស៊ូម៉ាត្រា។ ដោយកាលពីខែធ្នូ ឆ្នាំមុន មនុស្ស​ជាង​ ២០​នាក់ ​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​ការ​ផ្ទុះ​ភ្នំ​ម៉ារ៉ាពី​ ចាប់តាំងពីពេលនោះមក ការផ្ទុះភ្នំភ្លើងបានកើតឡើងជាបន្តបន្ទាប់៕

ប្រភព៖ CNA

Share.