អ្នក​នាង​បញ្ចកា​ម្ចាស់​ជំនួញ​ច្រើន​មុខ​និង​លោក​អេដវីន​គឺ​ជា​គូ​ស្នេហ៍​អ្នក​សិល្បៈ​ដែល​មហាជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​គួរ​សម​ព្រោះ​មាន​អ្វី​ៗ​ប្លែក​មក​ចែក​រំលែក​សម្រាប់​អ្នក​គាំទ្រ​បាន​សើច​សប្បាយ​ជា​និច្ច​ ដូចជា​ចុង​ក្រោយ​នេះ​ប្រពន្ធ​របស់​តារា​រូប​នេះ​បាន​ពោល​ថា​ក្រោយ​ស្រលាញ់​គ្នា​២​ឆ្នាំ​ ពេល​នេះ​រូបរាង​ខាង​ប្រុស​ប្រែប្រួល​ខ្លាំង​ថែម​ទាំង​មាន​ពេល​ខ្លះ​លួច​គ្រឿង​ក្នុង​អ្នក​នាង​ទៅ​ស្លៀក​ទៀត​ផង​។​

លោក​ អេដវីន ​គឺជា​តារា​សម្ដែង​ដ៏​ល្បី​មួយ​រូប​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​ទទួល​ស្គាល់​ស្នាដៃ​សម្ដែង​របស់​លោក​តាម​រយៈ​ការ​សម្ដែង​រឿង​ទាំងភាគ​និង​ភាពយន្ត​ខ្នាតធំ​។ បច្ចុប្បន្ន​ អេដវីន ​កំពុង​បង្ហាញ​វត្តមាន​សម្ដែង​ ក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ PNN រឿង​ «រសជាតិ​អ្នក​មាន​» ​​។​

យ៉ាង​ណា​មិញ​គូស្នេហ៍​កំពូល​កូរ​ខាង​លើ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ផ្ទុះ​សំណើច​ជា​ថ្មី​ម្ដង​ទៀត​បន្ទាប់​ពី​ស្ត្រី​ជា​​ Business Woman ​មាន​ជំនួញ​ច្រើន​ក្នុង​ដៃ​បាន​បង្ហោះ​សារ​រៀបរាប់​លើ​បណ្ដាញ​សង្គម​​​អួត​សរសើរ​ពី​​រូប​រាង​ដ៏​សង្ហា​របស់​លោក​អេដវីន​ដែល​ជា​ស្វាមី​របស់​ខ្លួន​តែ​មិន​ភ្លេច​បង្អាប់​បែប​លេង​សើច​ចំពោះ​ភាព​ប្រែប្រួល​ស្វាមី​របស់​ខ្លួន​នៅ​ក្នុង​សំណេរ​នោះ​ផង​ដែរ។​​

«ទៅ​មើល​រូប​ ​ប្តី​ខ្ញុំ​ពី​មុន​ ​យាយ​ពី​សង្ហា​អើយ​សង្ហា​ ​ឃើញ​ហើយ​ចង់​លង់​ ​ហើយ​វា​ថី​​ទើប​2​ ​ឆ្នាំ​ជាង​សោះ​ ប្តូរ​អើយ​ប្តូរ​ រឺ​មក​ពី​ឃើញ​ ​ខ្ញុំ​មិន​សូវស្អាត​មែន​ ​បាន​ខំ​បំលែង​ខ្លួន​ទៅ​ជា​បែប​នេះ​ ​អោយ​ស្រដៀង​នឹង​ខ្ញុំ​ហស់​នាក់​អើយយយយ​!​ មើល​រូប​តំបូងៗ​ ​ចង់​លង់​ ​មើល​ដល់​រូប​ចុង​ក្រោយ​ ​លែង​ ​ចង់​បាន​ប្តី​ ​! យក​គ្នា​តំបូង​ ​ចេញ​មក​ប្រុស​ហេ ​ដល់​យក​យូរៗ​ទៅ​ ​ខោ​ អាវ​ ​ក្នុង​ខ្ញុំ​អី​បាត់​ស្ទើរ​រាល់​ថ្ងៃ​ ​គិត​ខុស​គិត​ត្រូវ​ហេ ​លោក​អើយយយ​»​។

សូម​រំលឹក​ផង​ដែរ​ថា​អ្នក​នាង ​បញ្ចកា ​គឺ​ជា​អតីត​ភរិយា​របស់​លោក​ លៀក លីដា ដែល​ជា​ម្ចាស់​ផលិតកម្ម LD Picture តែ​បាន​លែងលះ​គ្នា​។​ ​អ្នក​នាង​បាន​ស្គាល់​និង​សាង​សុភមង្គល​ជាមួយ​បុរស​វ័យ​ក្មេង​ជាង​ខ្លួន​​៥​ឆ្នាំ​គឺ​លោក​អេដវីន​ដោយ​បច្ចុប្បន្ន​អ្នក​នាង​មាន​វ័យ​៣២​ឆ្នាំ​ ខណៈ​​លោក​អេដវីន​មាន​អាយុ​២៧​ឆ្នាំ​។​​

​​​

Share.