តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​រូប​ស្រស់​សោភា​ប្រចាំ​ផលិតកម្ម​ហង្សមាស​ និង​ រស្មីហង្សមាស​ កញ្ញា​ រ៉េត ស៊ូហ្សាណា ក្ដោប​បាន​តំណែង​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​ភាគ​ថ្មី​មួយ​ទៀត​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ បន្ទាប់​ពី​ធ្លាប់​បង្ហាញ​វត្តមាន​ជា​តួឯក​ស្រី​កន្លង​មក​ហើយ​ ប៉ុន្តែ​នៅ​មិន​ទាន់​ផ្ទុះ​ការ​គាំទ្រ​គួរ​ជា​ទី​គាប់​ចិត្ត​​ប៉ុន្មាន​នោះ​ទេ​។

​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២១ តួ​ឯក​ស្រី​រឿង​ «​ម៉ែ​ក្មេក​ចេញ​ពី​ក្នុង​ព្រះចន្ទ​» រូប​នេះ​ត្រូវ​​​ទូរទស្សន៍​ហង្សមាស​ បង្ហើប​ឱ្យ​ដឹង​តាម​រយៈ​បណ្ដាញ​សង្គម​ថា​កញ្ញា​ក្ដោប​បាន​តំណែង​ជា​តួឯក​ថ្មី​ក្នុង​រឿង​ភាគ​ខ្មែរ​ថ្មី​មួយ​ទៀត​ ដែល​សេចក្ដី​ប្រកាស​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ស្រលាញ់​ និង​ អ្នក​គាំទ្រ​តារា​ស្រី​រូប​ស្រស់​ម្នាក់​នេះ​។

យ៉ាង​ណា​មិញ​ការ​ប្រកាស​ខាង​លើ​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​​រឿង​ភាគ​ខ្មែរ​មួយ​ចំនួន​របស់​ស្ថានីយ​ខាង​លើ​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ ប៉ុន្តែ​​ក្នុង​នោះ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លើក​ជា​មតិ​សំណូម​ពរ​ឱ្យ​មាន​​ការ​បញ្ចូល​សំឡេង ជា​ពិសេស​ទៀត​នោះ​គឺ​​សុំ​ឱ្យ​អ្នក​​បញ្ចូល​សំឡេង​អាជីព​ បញ្ចូល​សំឡេង​ឱ្យ​​តារា​ស្រី​រូប​នេះ​តែ​ម្ដង​។

ការ​លើក​ឡើង​ខាង​លើ​ អាច​ដោយសារ​តែ​រឿង​ «ម៉ែក្មេក​ចេញ​ពី​ក្នុង​ព្រះចន្ទ​» ដែល​កញ្ញា​សម្ដែង​ជា​មួយ​លោក​ ដួង វីរៈសិទ្ធិ​ អតីត​តារា​រួម​ទ្រនំ​ មាន​ការ​លើក​ច្រើន​ ព្រោះ​ការ​ប្រើប្រាស់​សំឡេង​ផ្ទាល់​របស់​កញ្ញា​ ​មិន​សូវ​ជា​ទាក់ទាញ​ដោយ​សារ​តែ​កញ្ញា​អាច​នៅ​ស្ទើ​តិចនិច​ក្នុង​ការ​ប្រើប្រាស់​ការ​លើកដាក់​សំឡេង​ ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាល​ណោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា​បើសិនជា​បញ្ចូល​សំឡេង​ឱ្យ​កញ្ញា​ទៀត​នឹង​កាន់​តែ​ល្បី​។

សម្រាប់​ការ​លើក​ឡើង​ពី​សំណាក់​អ្នក​គាំទ្រ​ក្រោយ​ទទួល​បាន​ដំណឹង​ថា​ ម្ចាស់​បទ​ «ត្រូវ​ការ​កម្លាំង​ចិត្ត» រូប​នេះ​ក្ដោប​បាន​តំណែង​តួឯក​រឿង​ថ្មី​ ហើយ​ត្រៀម​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក៏​បាន​លើក​ឡើង​ថា​ ៖ «សុំ​បញ្ចូល​សំឡេង​ផង​» «ស្រលាញ់​រឿង​បញ្ចូល​សំឡេង​» និង «អ្វី​ដែល​សំខាន់​គឺ​បញ្ចូល​សំឡេង​ឱ្យ​គាត់​ផង​» ជា​ដើម​។

ថ្វី​ត្បិត​តែ​ទូរទស្សន៍​ហង្សមាស​ចេញ​មក​ប្រកាស​ដំណឹង​កញ្ញា រ៉េត ស៊ូហ្សាណា ក្ដោប​តំណែង​រឿង​ភាគ​ថ្មី​ ហើយ​នឹង​មាន​បញ្ចាំង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក្ដី​ ប៉ុន្តែ​មិន​បាន​បង្ហាញ​​ឱ្យ​បាន​លម្អិត​នោះ​ទេ​ថា​ តើ​រឿង​ភាគ​ថ្មី​ជា​រឿង​បែបណា​? ហើយ​ស្រី​តូច​ម្នាក់​នេះ​នឹង​សម្ដែង​ជា​តួអង្គ​បែប​ណា​?

Telegram-Troryorng
Share.