ភ្នំពេញ ៖ លលាដ៍ក្បាលសពមនុស្ស ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញកប់ដី ចេញតែផ្នែកខាងលើ មិនដឹងនរណាមានរឿងអ្វី បញ្ហាអ្វី បានជាយកទៅកប់បែបនេះទៅវិញ ខណៈដែលអ្នកភូមិពុំបានយកសពណាទៅកប់បែបនេះឡើយ។ ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង កាលពីព្រលបថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចដីទួល ហុំព័ទ្ធដោយព្រៃឫស្សី ស្ថិតនៅក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ហើយរងចាំព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ច ជំនាញ គាស់ឡើង ធ្វើការពិនិត្យ កោសល្យវិច័យ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា អ្នកស្រុករបស់គាត់ពុំមានអ្នកណាស្លាប់ ហើយត្រូវបានយកទៅកប់ក្នុងសភាពបែបនេះឡើយ ទោះជាស្លាប់ក៏រៀបចំធ្វើបុណ្យ បញ្ចុះ ឬបូជា សពទៅតាមប្រពៃណីដែរ ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុបន្ទាប់ពីមានអ្នកដើររកជីកទំពាំង តាមព្រៃឫស្សីហើយប្រទះឃើញលលាដ៍ក្បាលសពមនុស្ស ក៏រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យមើលដល់ទីតាំងកើតហេតុ ដើម្បីហុំព័ទ្ធចងខ្សែរ ជាបណ្តោះអាសន្នរងចាំព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ ធ្វើការគាស់ឡើងដើម្បីធ្វើកោសល្យវិច័យ ។

លលាដ៍កហបាលសពមនុស្ស ខាងលើមិនទាន់ដឹងថាជាមនុស្សប្រុស ឬស្រី នោះទេ បើតាមការសន្និដ្ឋានជាសពក្មេង ហើយនៅក្បែរនោះក៏មានបន្សល់ទុកខ្សែភ្លើង ខ្សែកាបចាស់ៗ ស្នាមដុត ផងដែរ៕

Share.