ភ្នំពេញ ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើល ប្រទះឃើញជនជាតិបរទេស (ជនជាតិចិន) ស្លាប់ សង្ស័យធ្លាក់ពីលើសំណង់អគារ កំពុងសាងសង់ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតត្រង់ចំណុចការដ្ឋានសំណង់ ឌីវីជី កោះពេជ្រ គល់ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យស្រាវជ្រាវ ធ្វើកោសល្យវិច័យ ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ។

ចុចអាន៖ ប្រទះឃើញស.ពបុរសវ័យចំណាស់ជនជាតិចិនម្នាក់ ធ្លា.ក់ពីលើអគារខុនដូរក្បែរកោះនរា

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ JIN QING ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE4087602 ។ យោងតាមការសន្និដ្ឋាន ជនរងគ្រោះបានធ្លាក់ពីលើសំណង់អគារជាន់ទី៦ បោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។

តាមប្រភពពីសន្តិសុខយាមរោងការក្បែរនោះ ខណៈដែលកំពុងយាម មានជនបរទេស២នាក់ដើរហាត់ប្រាណ មកប្រាប់និងចង្អុលឱ្យមើល ស្រាប់តែប្រទះឃើញសពជនរងគ្រោះ រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង ។

សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញគ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច បានដឹកយកទៅតំកល់ទុកនៅវត្តស្ទឹងមានជ័យ និងបន្តធ្វើការស្រាវជ្រាវ លុះនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.