ភ្នំពេញ៖ ជនដៃដល់២នាក់ ចូលកាប់យុវជន ៣នាក់ បន្ទាប់ពីក្រឡេកមើលមុខចំ បណ្តាលឱ្យរងរបួសធ្ងន់៣នាក់ ដឹកបញ្ជូនទៅដេកមន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើសួនមុខហាងស្កាយព្រិល ក្នុងបុរីពិភពថ្មីកំបូល១ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្អើលសមត្ថកិច្ចចុះទៅចាប់ខ្លួនជនដៃដល់បាន២នាក់ នាំយកទៅសាកសួរនៅផ្នែកជំនាញ និងបញ្ជូនខ្លួនទៅតុលាកា ចាត់ការតាមនីតិវិធី រហូតដល់ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ជាលទ្ធផលត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ។

ជនសង្ស័យទាំង២នាក់ ទី១ ឈ្មោះគីម ដាលិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែបជ័យ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ អាន ភារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរលក់គ្រឿងសំណង់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GU-2183 ជាមធ្យោបាយ ។

ចំណែកជនរងគ្រោះមានគ្នា៣នាក់ ៖ ទី១ ឈ្មោះ សោ ភារុណ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល របួស២ន្លែង ដេរចំនួន១៦ថ្នេរ ។ទី២ ឈ្មោះ ឡុង ឆេងអាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល របួស៣កន្លែង ដេរចំនួន ៣១ថ្នេរ ។ ទី៣ ឈ្មោះ ណិល សុីណាត់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិ បន្ទប់ជួល ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ របួសចំនួន២កន្លែងដេរចំនួន៣០ថ្នេរ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ក្រុមជនរងគ្រោះគ្នា៣នាក់ បានទៅហូបអីនៅចំណុចកើតហេតុ កំពុងតែអង្គុយហូប ស្រាប់តែជនសង្ស័យគ្នា២នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ទៅរកទិញសាច់ក្លែមក្បែរនោះ គ្រាន់តែក្រុមជនរងគ្រោះក្រឡេកមើលទៅចំមុខ បែជាជនសង្ស័យប្រកាន់ខឹងថាមើលមុខឌឺ ដើរចូលទៅជិតដកកាំបិតបុ័ងតោ កាប់ប្រ៉ាវ របួស៣នាក់ ផ្អើលសមត្ថកិច្ចចុះទៅ នាំជនរងគ្រោះទៅពេទ្យ បន្តតាមដេញស្ទាក់ចាប់បានជនសង្ស័យភ្លាមៗ នាំយកទៅផ្នែកជំនាញខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី រួចបញ្ជូនខ្លួនទៅកាន់តុលាកា ជាលទ្ធផលនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានតុលាកាក្រុងភ្នំពេញ សម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.