ភ្នំពេញ៖ បុរសចំណាស់ម្នាក់​ ដែលវង្វេងផ្ទះអស់១៥ថ្ងៃ ទៅស្នាក់អាស្រ័យក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅផ្លូវច្រកចូលវត្តទួលសុភាឃួន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពេលនេះត្រូវបានក្រុមគ្រួសារមកទទួលយកទៅផ្ទះវិញហើយ​ បន្ទាប់ពីឃើញការផ្សព្វផ្សាយ ជាច្រើននៅលើបណ្តាញសង្គម។

បុរសខាងលើមានឈ្មោះ ផន អូន ភេទប្រុស អាយុ៦១ឆ្នាំ កំពុងមានជំងឺមានទីលំនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិទួលសំបូរ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ រស់នៅផ្សេងៗគ្នា ។

តាមការរៀបរាប់ខ្លះៗ បុរសពោះម៉ាយអភ័ព្វស្នេហ៍ខាងលើ ចាកចេញពីស្រុកកំណើត មានប្រពន្ធនៅឯខាងស្រុកអង្គស្នួល ខេត្តកណ្តាល បានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ ក៏ប៉ុន្តែចុងក្រោយនេះ បានលែងលះគ្នាជាមួយប្រពន្ធ កូនៗទៅធ្វើការ ស្នាក់នៅផ្សេងៗគ្នា អស់រយៈពេលជាង២ឆ្នាំមកហើយ ធ្លាក់ខ្លួនជាបុរសពោះម៉ាយអភ័ព្វស្នេហ៍ រហូតដល់ខូចបាក់ទឹកចិត្ត ដោយសាវិប្បត្តិក្នុងគ្រួសារ ធ្លាក់ខ្លួនឈឺ ដើរវង្វេងផ្ទះអស់១៥ថ្ងៃហើយ មកជ្រកស្នាក់អាស្រ័យក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ នៅចំណុចខាងលើ រស់ដោយសារ បងប្អូនប្រជាពលរដ្ឋ ឃើញអាណិត ជូនជាបាយ ទឹក ។

រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ជំងឺកាន់តែដុនដាប គ្មានកូនចៅ សាច់ញាតិ ទើបពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ ឱ្យជួយស្រាវជ្រាវ ប្រកាសស្វែងរកកូនចៅ បងប្អូន។ ក្រោយទទួលបានដំណឹងនេះភ្លាម ក្រុមគ្រួសារកូនចៅ​បានទាក់ទង់មកទទួលបុរសពោះម៉ាយ ខាងលើ​ ត្រលប់ទៅផ្ទះវិញនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះតែម្តង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.