ពេល​នេះ​​បើ​ហៅ​ Zheng Shaung ថា​នាង​ហង្ស​បាក់​ស្លាប​ក៏​មិន​ខុស​ដែរ​ ព្រោះ​តារា​សម្ដែង​​ជនជាតិ​ចិន​ដី​គោក​រូប​នេះ​ ជួប​បញ្ហា​ធំៗ​ជាប់​ៗ​គ្នា​ មិន​ថា​ជា​រឿង​ក្ដី​គេច​ពន្ធ​រដ្ឋ​ រឿង​បោះបង់​កូន​​ដែល​កើត​ពី​ការ​ពពោះ​ជំនួស​ រហូត​ធ្វើ​​ឱ្យ​អស់អនាគត​ក្នុង​​​​សិល្បៈ​ ផលិតផល​ Brand ល្បី​កាត់​ផ្ដាច់​កុង​ត្រា​ជា​ Presenter មិន​តែ​ប៉ុណ្ណោះ​​ថែម​ទាំង​បាត់បង់​សិទ្ធិ​ចិញ្ចឹម​កូន​ទៀត​។

ទោះ​ជា​មុន​នេះ​មាន​ដំណឹង​ថា​ Zheng Shaung ចាក​ចេញ​ពី​រង្វង់​សិល្បៈ​ តែ​កាល​ណោះ​ជីវិត​របស់​ស្រីស្រស់​រូប​នេះក៏​មិន​ពិបាក​ដែរ​ព្រោះ​លុយ​ដែល​អ្នក​នាង​សន្សំ​មាន​ច្រើន​គួរ​សម​ ព្រោះ​រឿង​ Chinese Ghost Story ដែល​អ្នក​នាង​បាន​សម្ដែង​ទទួល​បាន​តម្លៃ​ខ្លួន​​ខ្ពស់​រហូត​ដល់​១៦០​លាន​យ៉ន់​ (ប្រមាណ​ជា​​ជាង​២៤​លាន​ដុល្លារ)។

បច្ចុប្បន្ន​ជីវិត​របស់​ Zheng Shaung អាច​និយាយ​បាន​ថា​ធ្លាក់​កម្រិត​មួយ​ទាប​បំផុត ដោយ​សាមី​ខ្លួន​បាន​ចេញ​មក​បង្ហាញ​ពី​ជីវិត​ដ៏​សែន​លំបាក​របស់​ខ្លួន​រស់​នៅ​សហរដ្ឋ​អាមេរិក​ថា​ ខ្លួន​មិន​អាច​ទទួល​ការងារ​នៅ​ក្នុង​រង្វង់​សិល្បៈ​បាន​ ចំណែក​គណនី​ក៏​ត្រូវ​បង្កក​ដើម្បី​ពិនិត្យ​បញ្ជី​ស្នាម​ផ្សេងៗ​ ជីវិត​បច្ចុប្បន្ន​នេះ​អាច​រស់​ទៅ​មុខ​បាន​បន្ត​ទៀត​ដោយ​សារ​តែ​មាន​មិត្ត​ភក្ដិ​ជិតស្និទ្ធ​ជួយ។

«បើ​និយាយ​ប្រាប់​ទៅ​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ល្អ​បាន​ល្អ​ ខ្ញុំ​សូម​ប្រាប់​ថា​សព្វថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ផឹក​ទឹក​ម៉ាស៊ីន​រាល់​ថ្ងៃ​ មាន​សំលៀកបំពាក់​ត្រឹម​អាវ​យឺត​ចំនួន​៥ ខោ​ខូវប៊យ​ចំនួន​២​ មិន​សូវ​មាន​អ្វី​ញ៉ាំ​នោះ​ទេ​ សូម្បី​តែ​ក្រដាស​អនាម័យ​ប្រើ​តែ​ពេល​ចាំ​បាច់​ប៉ុណ្ណោះ​»

អតីត​តារា​ល្បី​ផ្ទុះ​​ខ្លាំង​តាម​រយៈ​សាច់​រឿង​ «Love O2O» រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «ថ្ងៃ​ណា​ដែល​ខ្ញុំ​ចង់​ញ៉ាំ​អាហារ​ចិន​ ខ្ញុំ​នឹង​ទិញ​ខ្ទឹម​បារាំង​ ខ្ទឹម​ស​ ស្លឹក​ខ្ទឹម​ចិន​ មក​ចៀន​ជាមួយ​នឹង​ពង​ទា​ លុយ​ដែល​មាន​ត្រូវ​សន្សំ​ទុក​ទិញ​អាហារ​ និង​ទុក​ទិញ​របស់​លេង​ឱ្យ​កូន​»

យ៉ាង​ណា​មិញ​ ក្រោយ​មាន​កើត​ហេតុការណ៍​ទឹក​ជំនន់​ដ៏​ធំ​នៅ​ប្រទេស​ចិន Zheng Shaung បាន​លុប​សំណេរ​ដែល​ខ្លួន​បាន​ផុស​ហើយ​ ទុក​តែ​សំណេរ​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ប្រជាជន​ដែល​រងគ្រោះ​ព្រោះ​ទឹក​ជំនន់​ប៉ុណ្ណោះ​៕

Telegram-Troryorng
Share.