ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ជាព្រឹត្តិការណ៍បាល់ទាត់​មួយ​ដែល​តែង​តែរៀប​ចំឡើងរាល់៤ឆ្នាំម្តង ជាក់ស្តែងឆ្នាំ២០២៤ នេះគឺសហរដ្ឋអាមេរិក នឹងរៀប​ចំធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយចាប់ផ្តើមជាផ្លូវការពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៤ មាន១៦ប្រទេសចូលរួមប្រកួត។

បើរាប់ពីអាយុកាលនៃពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោល​គឺមាន​អាយុ​កាល​ជាង ១០៨ឆ្នាំហើយ ខណៈប្រទេសដែលទទួល​បានសិទ្ធិរៀបចំជា​ម្ចាស់ផ្ទះច្រើនជាងគេ​គឺប្រទេសអាហ្សង់ទីន ចំនួន៩លើក ប្រទេសអ៊ុយរូហ្គាយ និងប្រទេសឈីលី បាន៧លើក។

ដោយឡែកសម្រាប់ក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះជើងឯកច្រើនជាងគឺអាហ្សង់ទីន និងអ៊ុយរូហ្គាយ បន្ទាប់ពីក្រុមជម្រើសជាតិទាំង២ប្រទេសនេះ ឈ្នះ១៥លើកដូចគ្នា។

ទាំងនេះគឺជាឆ្នាំដែលក្រុមជម្រើសជាតិអាហ្សង់ទីនធ្លាប់ឈ្នះជើងឯក៖

នៅឆ្នាំ១៩២១ ក្រុមជម្រើសជាតិអាហ្សង់ទីន បានឈ្នះជើងឯកលើកដំបូងរបស់ខ្លួន ក្រោយបានយកឈ្នះលើក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ ខណៈកាប្រកួតនោះធ្វើឡើងនៅកីឡដ្ឋាន Estadio Sportivo Barracas ឋិតនៅប្រទេសអាហ្សង់ទីន។

នៅឆ្នាំ១៩២៥ ក្រុមអាហ្សង់ទីន បន្តលើកពានសារជាថ្មី រួចបន្តបន្ទាប់ទៀត បន្តឈ្នះនៅឆ្នាំ ១៩២៧, ១៩២៩, ១៩៣៧, ១៩៤១, ១៩៤៥, ១៩៤៦, ១៩៤៧, ១៩៥៥, ១៩៥៧, ១៩៥៩, ១៩៩១ ១៩៩៣, និងឆ្នាំ២០២១។

ចំណែកឯក្រុមជម្រើសជាតិអ៊ុយរូហ្គាយ វិញឈ្នះជើងឯកដំបូងនៅឆ្នាំ១៩១៦ គ្រានោះក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ឡើងទៅពូលចុងក្រោយជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន, ប្រេស៊ីល និងឈីលី ប្រកួត៣ប្រកួត ឈ្នះ២ និងស្មើ១មាន ៥ពិន្ទុ គ្រងជើងឯកនៅប្រទេសអាហ្សង់ទីន។  

ក្រោយមកទៀតក្រុមអ៊ុយរូហ្គាយ ក៏បានបន្តគ្រងជើងឯកជាបន្តបន្ទាប់មានដូចជា៖ ១៩១៧, ១៩២០, ១៩២៣, ១៩២៤, ១៩២៦, ១៩៣៥, ១៩៤២, ១៩៥៦, ១៩៥៩,១៩៦៧, ១៩៨៣, ១៩៨៧, ១៩៩៥, ២០១១។

សូមរំលឹកថា ម្ចាស់ជើងឯកឆ្នាំចាស់ ២០២១ គឺបានលើក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះប្រេស៊ីល ដោយលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងកីឡដ្ឋាន Maracanã Stadium ស្ថិតក្នុងទីក្រុង Maracanã ប្រទេសប្រស៊ីល៕

Share.