កំពង់ចាម៖ រយៈពេលជាង១ម៉ោង រដ្ឋបាលស្រុកចំការលើបានជ្រើសរើសក្រុមហ៊ុនចំនួន៣ ចេញពីការប្រកួតប្រជែងការដេញថ្លៃ ប្រកបដោយតម្លាភាព និងមានលក្ខណៈទីផ្សារសេរីច្បាស់លាស់។

ក្រោយពីទទួលបានសិទ្ធិស្របច្បាប់ហើយ ក្រុមហ៊ុនទាំង៣ ត្រូវធានាការជួសជុលផ្លូវគ្រួសក្រហមជាង៤គីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ មានឃុំតាអុង ឃុំស្វាយទាប និងឃុំស្ពឺ។ ភារកិច្ចត្រូវអនុវត្តតាមកិច្ចកុងត្រា និងមានការឯកភាព ពីរដ្ឋបាលខេត្ត ស្រុក ឃុំ និងម្ចាស់មូលដ្ឋានផងដែរ ។ បរិយាកាសបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកចំការលើ នាព្រឹកថ្ងៃី១៥ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយមោទនៈភាព និងភាពជោគជ័យ។ 

លោក ឡី ម៉ិច នាយករងរដ្ឋបាលខេត្តកំពង់ចាម បានថ្លែងថា យើងទាំងអស់គ្នាសុទ្ធតែមានវ័យចំណាស់ហើយ ជាចាស់ទុំហើយ ទាំងអ្នកទទួលការ ទាំងអ្នកព័ត៌មាន បទពិសោធន៍ការងារយើងបានបំពេញច្រើនករណីហើយ ភាពជោគជ័យភាគរយច្រើនណាស់ ដូច្នេះគ្រប់ដំណើរការត្រូវប្រកបដោយក្រមសីលធម៌ និងគុណធម៌ យើងគោរពតួនាទីនិងការងារទាំងអស់គ្នា លើស្មារតីប្រកួតប្រជែងច្បាស់លាស់ រាល់ការដេញថ្លៃគ្រប់គម្រោង គ្មានក្រុមហ៊ុនណាមួយដែលត្រូវបាត់សិទ្ធិនោះទេ មានរដ្ឋបាលខេត្ត ស្រុក គណៈកម្មាធិការលទ្ធកម្មគ្រប់ឃុំ ជាអ្នកជួយលើបញ្ហានឹង ។ ហើយយើងក៏ជឿជាក់ផងដែរថា មានចំណុចខ្វះខាតតិចតួចដែរ ការងារកន្លងមក តែមិនធ្ងន់ធ្ងរទេ វាស្ថិតក្នុងក្របខណ្ឌជាប្រយោជន៍ដល់ពលរដ្ឋរបស់ទាំងអស់គ្នាទេតើ ។ 

លោកនាយករងបានបន្តទៀតថា លទ្ធផលថ្ងៃនេះល្អ មានការប្រកួតប្រជែងបានយ៉ាងរលូន ដោយគម្រោងជួសជុលផ្លូវគ្រួសក្រហមចំនួន៣ខ្សែមានប្រវែងជាង៤គីឡូម៉ែត្រ  ឆ្លងកាត់ឃុំចំនួន៣ គឺឃុំតាអុង ឃុំស្វាយទាប និងឃុំស្ពឺ ។ តម្លៃទឹកប្រាក់ប៉ាន់ស្មាន ជិត២៣០លានរៀលទាំង៣ឃុំ តម្លៃដេញបានមានទឹកប្រាក់ ៧០លានរៀល ។ ឃុំស្ពឺបានទៅក្រុមហ៊ុន អ៊ូ លាងហុង និង២ឃុំទៀត បានទៅក្រុមហ៊ុនតែមួយគឺ ក្រុមហ៊ុន យ៉េន ប៊ុនថេង។ 

ស្របពេលជាមួយគ្នានេះដែរ ក៏នៅតែមានការលើកឡើងថា អ្នកទទួលការច្រើន តែការប្រកួតប្រជែងមានតែ ២៤ក្រុមហ៊ុន ហើយការប្រកួតនេះក៏គ្មានឃើញប្រជាពលរដ្ឋសូម្បីតែម្នាក់ចូលខ្លួនមកសង្កេតការណ៍លើនិតិវិធីនេះដែរ៕

អត្ថបទ៖ សាន វីឡែម

Share.