សិល្បៈជាតិ៖ ដូចបានដឹងមកហើយថា ការនាំភាពយន្តចេញទៅបញ្ចាំងទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាផ្ទះលេខ ២ មិនឱ្យតម្លៃលើកការទស្សនាភាពយន្តកម្ពុជាដោយសារកត្តាជាតិនិយមជ្រុលនិងមាននិន្នាការជាន់ពន្លិចភាពយន្តកម្ពុចជាក៏ដោយ ក៏ប៉ុន្តែភាពយន្តល្អមានគុណភាពពិតៗ មិនបាច់អួតមិនបាច់ដ្រាម៉ាច្រើននោះទេ ព្រោះកម្ពុជាពិតជាមោទនភាពដែលភាពយន្ត «បណ្ដាសានាងរាត្រី» ទទួលបានភាពជោគជ័យផ្ទួនៗនៅលើឆាកអន្តរជាតិ។

ជាក់ស្ដែងយើងមើលទៅលើសំណេររបស់លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបញ្ជាក់អំពីការចាក់បញ្ចាំងភាពយន្ត «បណ្ដាសានាងរាត្រី» នៅប្រទេសភូមាឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ( ពោលគឺនៅថ្ងៃទី ១៤ ឧសភា ) រឿងបណ្ដាសានាងរាត្រីមានអ្នកទស្សនា ៩ ម៉ឺននាក់នៅប្រទេសភូមា ហើយក៏នៅតែកំពុងតែបន្តការចាក់បញ្ចាំង ។

ជោកជ័យសំខាន់មួយទៀតគឺ បើតាមការចេញផ្សាយនៅលើគេហទំព័រអន្តរជាតិ Variety បានឱ្យដឹងថា ក្រុមហ៊ុន Skyline Media ដែលជាផលិតកម្មឈានមុខមួយរបស់វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកភាពយន្តកំពូលៗនៃតំបន់អាស៊ីអាគ្នេយ៍ និងភាពយន្តវៀតណាម ដើម្បីយកទៅបង្ហាញនិងចាក់បញ្ចាំងនៅក្នុងមហោស្រពទីក្រុងកានឆ្នាំ ២០២៤នេះ ។ ក្នុងនោះរួមមានភាពយន្ត«បណ្ដាសានាងរាត្រី» ដែលក្រុមហ៊ុនមួយនេះទទួលបានអជ្ញាបណ្ណសិទ្ធចាក់បញ្ចាំង កាលពីបានបង្ហាញខ្លួននៅក្នុងកម្មវិធី  FilMart ក្នុងទីក្រុង Hong Kong កាលពីអំឡុងខែមីនា ។ ប៉ុន្តែដោយឡែកបើតាមការបង្ហាញទិន្នន័យនៃការលក់សំបុត្រចាក់បញ្ចាំងភាពយន្តនៅប្រទេសវៀតណាមបានឱ្យដឹងថា ភាពយន្តកម្ពុជា «បណ្ដាសានាងរាត្រី» គឺទទួលបានចំណាត់ថ្នាក់លេខ ៣ ដែលមានចំនួនអ្នកទស្សនាច្រើនបំផុត។

លោក លៀក លីដា ដែលជាផលិតករផលិតខ្សែភាពយន្តខ្នាតធំមួយនេះ បាននាំអារម្មណ៍អ្នកទស្សនាភាពយន្តកម្ពុជាឱ្យមានអារម្មណ៍ដូចបានទស្សនារឿងបែបបស្ចិមប្រទេស ព្រោះ​ថាតម្រូវតាម​ទីផ្សារអន្តរជាតិ ក៏ដូចជាការនាំភាពយន្តកម្ពុជាចូលទៅកាន់ទីផ្សារអន្តរជាតិ ដូច្នេះហើយទើបផលិកររូបនេះខិតខំការសម្រិតសម្រាំងរូបភាពយន្តឱ្យគុណភាពទៅតាមស្តង់ដារអន្តរជាតិ។

គួរំលឹកដែរថា ភាពយន្ត «បណ្ដាសានាងរាត្រី» មានការចូលរួមតារាសម្តែងដោយតារាអន្តរជាតិ និងកម្ពុជាជាច្រើននាក់ដូចជា តារាឯកប្រុសភូមាគឺលោក Paing Takhon ព្រះនាងតូច នរោត្តម ជេនណា តារាឯកស្រីជោគជ័យលើឆាកអន្តរជាតិ ស៊ិន យូរប៊ីន តារាក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន យុវតី សរពេជ្ញ ម៉ានីកា និងតារាសម្តែងវ័យក្មេងជាច្រើនរូបទៀត៕

Share.