សិល្បៈជាតិ៖ ដំណឹងចុងក្រោយមុននេះ សារព័ត៌មានទទួលដំណឹងមកថា តារាសម្ដែងស្រីវ័យក្មេងជាតួក្មេងស្រីក្នុងភាពយន្ត «បណ្ដាសានាងរាត្រី» គឺយុវតី សរពេជ្ញ ម៉ានីកា បាននាំមុខមាត់ជូនជាតិដោយទទួលបានមេដាយមាសក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ២០២៤ សម្រាប់សិស្សពូកែពិភពលោកថ្នាក់ទី៨។

ពីក្រោយភាពជោគជ័យមួយនេះ យុវតី សរពេជ្ញ ម៉ានីកា បានបង្ហើបឱ្យដឹងពីការប្រឹងប្រែងថា ជាក់ស្តែង មុនពេលប្រលងកម្មវិធីនេះ ម៉ានីការ វល់ថតនឹងការងារថតភាពយន្តខ្លាំងមែនទែន ហើយនាងមានអារម្មណ៍ថា មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រលងនៅទេ។ យុវតី ម៉ានីកា បន្តថា នាងមិនសូវមានភាពជឿជាក់លើសមត្ថភាពខ្លួនទេ ព្រោះកន្លងមកក៏ធ្លាប់ចូលរួមប្រលងកម្មវិធីផ្សេង ហើយមិនទាន់ទទួលបានលទ្ធផលល្អដែរ។

យ៉ាងណាមិញ មុនពេលប្រលង២សប្តាហ៍ ម៉ានីកា គិតចង់សុំដកខ្លួនចេញពីការប្រលង ព្រោះខ្លាចធ្វើមិនបានល្អ ខ្លាចធ្វើឱ្យអ្នកគ្រប់គ្នាខកបំណង។ ប៉ុន្តែដោយសារទទួលបានកម្លាំងចិត្តពីក្រុមគ្រួសារ និងបងប្អូនពូមីងយាយតា ទើបយុវតី ម៉ានីកា ក៏ចំណាយពេលដែលនៅសល់ ខិតខំប្រឹងប្រែង ស្រាវជ្រាវលំហាត់ប្រលងពីឆ្នាំមុនៗ ទោះបីជាត្រូវរវល់ថតរឿង ក៏ត្រូវយកមេរៀនទៅមើលនៅកន្លែងថតដែរ ហើយទីបំផុត ការតស៊ូ ពិតជាបានសម្រេច ។

បើទោះបីជា ការខិតខំប្រឹងប្រែងជំរុញឱ្យតារាសម្ដែង ម៉ានីកា សម្រេចគោលដៅជោគជ័យក្នុងការប្រឡងប្រជែងសិស្សពូកែគណិតវិទ្យានៅអាស៊ីកម្រិតថ្នាក់ពិភពលោកក៏ពិតមែន ប៉ុន្តែតារាស្រីក៏មិនភ្លេចគុណគ្រូបង្រៀន ដែលនាងបានថ្លែងក្ដីដឹងគុណចំពោះលោកគ្រូ Kimsorng San និងលោកគ្រូ Sophorn Yem ដែលបានជម្រុញ និងផ្តល់ឯកសារជំនួយជាច្រើនដល់រូបនាងក្នុងការប្រលងមួយនេះ ក៏ដូចជាអរគុណដល់លោកនាយកសាលា និងលោកគ្រូអ្នកគ្រូគ្រប់រូប ដែលបានជួយបង្ហាត់បង្រៀនដល់នាងកន្លងមកផងដែរ។

នាងតូចវ័យ ១២ រូបនេះបាននិយាយលើកទឹកចិត្តអ្នកលេងបណ្ដាញសង្គម ហ្វេនអ្នកគាំទ្រ និងមហាជនទូទៅថា ការតស៊ូប្រឹងប្រែងក្នុងជីវិតដើម្បីសម្រេចគោលដៅអ្វីមួយ ទោះថ្ងៃនេះមិនទាន់បានលទ្ធផលល្អ តែថ្ងៃណាមួយ គង់នឹងអាចសម្រេចគោលបំណង ឬយ៉ាងហោចណាស់ក៏បានទៅដល់ចំណុចមួយដែលប្រសើរជាងមុនដែរ ដែលសារនេះចង់បង្ហាញពីគំរូល្អមួយក្នុងការរស់នៅក្នុងសង្គមដែលយុវជនគ្រប់រូបគួរកុំមើលរំលងឱ្យសោះ។

សូមជម្រាប ក្រៅពីការប្រឹងប្រែងព្យាយាមក្នុងការសិក្សាហើយនោះ តារាសម្ដែងយុវតី សរពេជ្ញ ម៉ានីកា ក៏ទទួលបានភាពជោគជ័យនៅក្នុងការងារសិល្បៈតាមរយៈស្នាដៃថតភាពយន្តជាច្រើនដូចជា រឿង  «បណ្ដាសានាងរាត្រី» «នាឡិកាដាស់វិញ្ញាណ» ថ្មីៗនេះរឿង «អ្នកតាកំបុតក្បាល» និងរឿងភាគទូរទស្សន៍ជាច្រើនរឿងទៀត៕

Share.