ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលខណ្ឌ បង្ក្រាបចាប់ជនសង្ស័យកាប់ប្លន់យកម៉ូតូ ឈានដល់បង្ក្រាបទីតាំងបញ្ចាំ ទិញលក់ម៉ូតូអត់ឯកសារ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន៩នាក់ ដកហូតបានម៉ូតូមួយចំនួន សម្ភារៈពាក់ព័ន្ធមួយចំនួនទៀត នាំទៅសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាកាក្រុងភ្នំពេញ រហូតមកដល់រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះសមត្ថកិច្ចធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជនរងគ្រោះធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារទៅផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូវិញ នៅនាយកដ្ឋានព្រហ្មទណ្ទ អគ្គស្នងការនគរបាលជាតិ ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JV-3592 ពីជនរងគ្រោះឈ្មោះ បឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកបានសម្រេចហើយជិះគេចខ្លួន ។

ក្រោយពីទទួលបានព័ត៌មានករណីខាងលើ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យស្នងការរាជធានីភ្នំពេញ កម្លាំងខណ្ឌដង្កោ ធ្វើការស្រាវជ្រាវ ឈានដល់កំណត់បានមុខសញ្ញាដែលធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់ ។

តាមនគរបាលបានឱ្យដឹងថា ក្រោយពីកំណត់មុខសញ្ញាបាន នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ នៅចំណុចខាងក្រោយព្រះបរម្យរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំទៅសាកសួរ នៅនាយកដ្ឋាន ហើយត្រូវបានជនសង្ស័យសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន៩នាក់បានធ្វើសកម្មភាព វាយកាប់ប្លង់យកម៉ូតូ និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយសមត្ថកិច្ចសហការបន្តតាមចាប់ខ្លួនជនសង្ស័យបាន៣នាក់ទៀត សរុបចំនួន៩នាក់ ។

ជនសង្ស័យបានសារភាពផងដែរ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច ឈ្មោះ សុខ សំណាង ជិះយកទៅលក់ឲ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាងរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យបាន កម្លាំងសមត្ថកិច្ច ឈានដល់ចុះបង្ក្រាបទីតាំងទទួលទិញម៉ូតូអត់ឯកសារ ឃ្លាំងលេខ៧ ផ្ទះលេខ៥ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកពាក់ព័ន្ធបាន២នាក់ទៀត សរុបចំនួន១១នាក់ ឆែកឆេរឃ្លាំង រកឃើញម៉ូតូអត់មានឯកសារមួយចំនួន រួចនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

រហូតមកដល់រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ជនរងគ្រោះ ដែលធ្លាប់បាត់ម៉ូតូ សូមកាន់ឯកសារទៅផ្ទៀងផ្ទាត់ ដើម្បីទទួលយកម៉ូតូវិញនៅនាយកដ្ឋានព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.