សៀមរាប ៖ បុរសជាជាងភ្លើងម្នាក់ តបណ្តាញភ្លើងភ្លាត់ស្នៀត បែជាឆក់ខ្លួនឯងស្លាប់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួល ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះ ឈ្មោះ ហូយ គឹមឈឿន  ភេទប្រុស  អាយុ២១ឆ្នាំ មុខរបរ និស្សិតផ្នែកអគ្គីសនី នៅសាលាពហុបច្ចេកទេសអង្គរ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានស្រុកកំណើតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ កំពុងតបណ្តាញភ្លើងតាមបន្ទប់ជួល ចំណុចកើតហេតុ ស្រាប់តែនៅវេលាម៉ោងខាងលើ ផ្អើលឆោឡោ ជនរងគ្រោះឆក់ចរន្តភ្លើងស្លាប់ ។ ក្នុងពេលជាមួយគ្នាម្ចាស់ផ្ទះជួល ក៏បានរារាំងមិនឱ្យអ្នកសារព័ត៌មានថតយករូបភាព សូម្បីសាកសួរក៏មិនប្រាប់ដែរ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ធ្វើការរុះរើបណ្តាញខ្សែភ្លើងចាស់ ផ្លាស់ខ្សែថ្មី នៅបន្ទប់ជួល មិនបានបិទផ្តាច់ចរន្ត ដោយធ្វេសប្រហែស ទើបបណ្តាលឱ្យឆក់ស្លាប់ ។ ក្រោយកើយហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅ ពិនិត្យកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.