បាត់ដំបង÷ ជនមិនស្គាល់មុខជិះទូកឆក់ត្រីស្ទើរជាប្រចាំនៅពេលយប់ក្នុងស្ទឹងសង្កែ កណ្តាលក្រុងបាត់ដំបង ធ្វើសកម្មភាពមិនដឹងតាំងពីឆ្នាំណាមក ពលរដ្ឋស្នើសុំឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចចុះពិនិត្យមើលផង។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋលោក លីន សាលី រស់នៅក្នុងក្រុងបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ កន្លងមកលោក ក៏ដូចជាបងប្អូនដទៃទៀតតែងតែឃើញជនមិនស្គាល់អត្តសញ្ញាណប្រមាណជា ២នាក់បានជិះកាណូតធ្វើសកម្មភាពឆក់ត្រីរៀងរាល់យប់តាមដងស្ទឹងសង្កែ ពិសេសត្រង់ចន្លោះស្ពានសម្តេចក្រឡាហោម ស ខេង និងស្ពានបុរាណមុខសាលាខេត្ត ចន្លោះភូមិសាស្ត្រភូមិកម្មករ និងភូមិរំចេក ៤ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សកម្មភាពលួចប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងសកម្មកណ្តាលទីប្រជុំជនក្រុងនេះក្រុមជនសង្ស័យមានគ្នាប្រមាណជា ២នាក់បានលួចធ្វើសកម្មភាពល្មើសនៅអំឡុងវេលាម៉ោងជាង ២:០០នាទីរំលងអាធ្រាត ជាក់ស្តែងនៅវេលាម៉ោងជិត ៣:០០នាទីទៀបភ្លឺថ្ងៃទី ១៤ ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤នេះតែម្តង។

ប្រភពខាងលើបន្តថា÷ រូបលោក ក៏ដូចជាបងប្អូនជាច្រើនទៀតទទូចសុំឲ្យមន្ត្រីជលផល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យមើល និងមានវិធានការបង្ក្រាប ទប់ស្កាត់ លើករណីនេះផងពុំនោះទេពូជត្រីទាំងឡាយកាន់តែប្រឈមការរេចរឹលទៅៗរហូតវិនាសអស់ជាក់ជាមិនខាន។

ពាក់ព័ន្ធនឹងការលួចប្រព្រឹត្តបទល្មើសខាងលើនេះលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលបាត់ដំបង បានអះអាងថា÷ លោកនឹងចុះពិនិត្យមើល មានភស្តុតាងគ្រប់គ្រាន់នឹងសហការជាមួយកម្លាំងសមត្ថកិច្ចដើម្បីបង្ក្រាប៕

អត្ថបទ ដំបងក្រញូង

Share.