រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លើការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញ ការងារ ក៏ដូចជាអ្នកជំងឺ និងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ។

ការស្នើរបស់រដ្ឋមន្ត្រីក្រសួងភិបាលឯកឧត្តមឈាង រ៉ានេះធ្វើឡើង បន្ទាប់ពីអ្នកគ្រូពេទ្យម្នាក់ ត្រូវខ្មាន់កាំភ្លើង ចូលបាញ់ប្រហារដល់បន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង នៅស្រុកអូររាំង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់សេវា សុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាល ទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្រប ដណ្ដប់សុខភាពជាសកលនាពេលអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ – ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកម្ពុជា។

តាមរយៈលិខិតនោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណជូន ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់រក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»

ក្រសួងសុខាភិបាល ក៏បានស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តាខេត្ត មេត្តាបន្តណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយជំនាញ នៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋកាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕

Share.