ស្ទឹងត្រែង ៖ ស្ត្រីនគរបាលម្នាក់សង្ស័យមានវិប្បត្តិក្នុងគ្រួសារ បើករថយន្តទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានសេកុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៥ ខែឧសភា ឆ្នាំ២០២៤ លិចបាត់ខ្លួន បន្សល់ទុកតែរថយន្តកាមរី មួយគ្រឿងនៅលើស្ពាន ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច ចេញទូកតាមស្វែងរក រហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានរកសាកសពឃើញហើយ នៅគម្លាតពីស្ពានចម្ងាយជាង៣០០ម៉ែត្រ ។

សពស្ត្រីរងគ្រោះមានឈ្មោះ អាយ សុខធារ៉ា អាយុ៣០ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាល ឋានន្តរសក្តិ អនុសេនីយ៍ទោ រងផ្នែកស្ថិតិ នគរបាលក្រុងស្ទឹងត្រែង តែអង្គភាពស្នើឱ្យជួយការងារ ផ្នែកចរាចរណ៍ ហើយមានមុខរបរ លក់ដូរគ្រឿងសមុទ្រ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ស្ត្រីរងគ្រោះ សង្ស័យមានវិប្បត្តិក្នុងគ្រួសារ ទើបនៅវេលាម៉ោង១២ថ្ងៃត្រង់ទី១៥ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបើករថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ទឺកប្រាក់ ទៅចតឈប់លើស្ពានសេកុង គ្រាន់តែចុះពីលើរថយន្ត លោតហក់ចុះក្នុងទឹកតែម្តង បង្កឱ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ ទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចច៣ញទូក តាមស្វែងរកភ្លាមៗតែមិនឃើញ ជនរងគ្រោះលិចបាត់ក្នុងទឹក ឃើញតែស្បែកជើង អណ្តែតលើទឹក ។

ការស្វែងរកសាកសពជនរងគ្រោះ ទាំងពលរដ្ឋ ទាំងសមត្ថកិច្ច រហូតមកដល់វេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានរកឃើញហើយ ស្រង់ដាក់កាណូត នាំយកឡើងគោក ដើម្បីឱ្យសមត្ថកិច្ចជំនាញ ពិនិត្យកោសលវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.