ក្នុង​ឱកាស​ខួប​លើក​ទី ៧៩ នៃ​ថ្ងៃ​បង្កើត​នគរបាល​ជាតិ ត្រយង​សូម​លើក​យក​ប្រវត្តិ​នៃ​ការ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ មក​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប ដោយ​មាន​សេចក្ដី​ដូច​ខាងក្រោម។

តាម​ពិត​ទៅ​កងកម្លាំង​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ដែន​រដ្ឋបាល នៅ​ប្រទេស​កម្ពុជា​យើង​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ប៉ុន្តែ​វា​ឋិត​នៅ​ក្នុង​ទម្រង់​ផ្សេងៗ មិន​ទាន់​ប្រាកដប្រជា ហើយ​មិនសូវ​ទូលំទូលាយ ពោល​គឺ​មានតែ​នៅ​ក្នុង​ទីប្រជុំជន និង​តំបន់​សេដ្ឋកិច្ច។ កិច្ចការ​នេះ​គេ​ហៅថា កិច្ចការ​នគរបាល មាន​ន័យ​ថា ការ​រក្សា​នគរ​ឲ្យ​មាន​សុខ​សន្តិភាព សណ្ដាប់ធ្នាប់ មើលថែ​ប្រជាជន។ ក្រោយៗ​មក កិច្ចការ​នគរបាល​ត្រូវ​បាន​ពង្រីក​ពាសពេញ​ដែនដី​កម្ពុជរដ្ឋ និង​គ្រប់​ច្រកល្ហក ដើម្បី​ធានា​បាន​នូវ​អភិបាលកិច្ច​ល្អ​ជូន​ប្រជារាស្ត្រ។ នគរបាល​មាន​ប្រវត្តិ​គួរឲ្យ​ស្ងើចសរសើរ​ណាស់៖

នគរបាល​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ តាម​រយៈ​ព្រះរាជក្រម​លេខ ៣៥ នស ចុះ​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ១៩៤៥ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ និង​កិច្ចការ​នយោបាយ ដែល​កាលនោះ​កម្ពុជា​ទទួល​បាន​ឯករាជ្យ​លើក​ទី​មួយ មាន​រយៈពេល ជិត​៧ខែ គឺ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​មីនា ដល់​ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ១៩៤៥ ក្រោយពី​ស្ថិត​ក្រោម​អាណានិគម​បារាំង ៨២ ឆ្នាំ។

ចាប់​ពី​ឆ្នាំ ១៩៤៥ ដល់​ឆ្នាំ ១៩៧០ តួនាទី​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​ជាតិ​មាន​លក្ខណៈ​ដូច​គ្នា​ស្ទើរ​ទាំងស្រុង​នា​ពេល​បច្ចុប្បន្ន គឺ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ នៃ​សកម្មភាព​បាតុកម្ម-កូដកម្ម បញ្ចៀស​នូវ​រាល់​សកម្មភាព​ភេរវកម្ម ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ការពារ​បាវចនា​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ។

ក្រោយពី​ទទួល​បាន​ឯករាជ្យ​ទាំង​ស្រុក​ពី​ពួក​អាណានិគមនិយម​បារាំង សម្ដេច​នរោត្តម សីហនុ បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រីក និង​បង្កើន​សមត្ថភាព​នគរបាល​ជាតិ។

  • នៅ​ឆ្នាំ ១៩៤៧ ទ្រង់​រៀបចំ​បង្កើត​ឲ្យ​មាន​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នគរបាល​ជាតិ (តាម​រាជ​ក្រម​លេខ ៣១២ នស ចុះ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ១៩៤៧)
  • សាលា​ហ្វឹកហ្វឺន​អ្នក​ត្រួតត្រា នៅ​ឆ្នាំ ១៩៥២ (ព្រះរាជក្រឹត្យ​លេខ ៤៥ នស ចុះ​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ ១៩៥២)
  • សាលា​ជាតិ​របស់​តម្រួត នៅ​ឆ្នាំ ១៩៥៤
  • រាជ​បណ្ឌិត្យ​សភា​តម្រួត នៅ​ឆ្នាំ១៩៥៩ ហើយ​ធ្វើការ​រៀបចំ​បន្ថែម​នៅ​ឆ្នាំ ១៩៦០ បន្ទាប់​មក​ប្ដូរ​ឈ្មោះ​ទៅជា វិទ្យាគារ​តម្រួត។

នគរបាល​កម្ពុជា​កាលពី​ជំនាន់​សង្គម​រាស្ត្រនិយម​ក៏​ធ្លាប់​មាន​ប្រវត្តិ​ផ្លាស់ប្ដូរ​កម្មសិក្សា​ទៅ​ក្រៅ​ប្រទេស​ដែរ៖

  • នៅ​ប្រទេស​ថៃ ឆ្នាំ១៩៥៥ ចំនួន១២ នាក់
  • នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ១៩៦០ ចំនួន១២ នាក់ រយៈពេល ៣៦ថ្ងៃ
  • នៅ​ប្រទេស​សិង្ហបុរី ឆ្នាំ១៩៦០ ចំនួន ៤ នាក់ រយៈពេល ៤៦ថ្ងៃ
  • នៅ​ប្រទេស​បារាំង ចាប់ពី​ឆ្នាំ១៩៦៣ ស្នងការ​ប៉ូលីស និង​នាយកង​រាជតម្រួត​មួយ​ចំនួន ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បំពេញ​វិសិដ្ឋ​កម្ម​សិក្សា​នៅ​ប្រទេស​បារាំង​ជា​បន្តបន្ទាប់។

ចាប់​ពី​ឆ្នាំ ខែ​តុលា ឆ្នាំ ១៩៤៦ នគរបាល​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​យុទ្ធសាស្ត្រ​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្តបន្ទាប់។ ចំណែក​នគរបាល​សេដ្ឋកិច្ច​ក៏​បង្កើត​ឡើង​ផង​ដែរ​នៅ​ខេត្ត​ស្វាយរៀង, ខេត្ត​ព្រៃវែង និង​ខេត្ត​កណ្ដាល នៅ​ឆ្នាំ ១៩៥២។

សម្ពាធ​មនោគម​វិទ្យា​នយោបាយ អំឡុង​ពេល​សង្គ្រាម​ត្រជាក់ បាន​ទាញ​ទម្លាក់​កម្ពុជា​ទៅ​ក្នុង​នោះ​ដែរ ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​រាជា​និយម ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​ធ្លាក់​ចុះ កើត​មាន​អសន្តិសុខ​គ្រប់​កន្លែង។ ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ១៩៧០ សាធារណរដ្ឋ​ខ្មែរ​បាន​ផ្លាស់ប្ដូរ កងកម្លាំង​នគរបាល​ជាតិ ទៅ​ជា​ប៉ូលីស​សាធារណ​រដ្ឋ តាម​បញ្ញត្តិ​ចុះ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ ១៩៧៣ ។ ប៉ូលីស​សាធារណៈ មាន​តួនាទី​ភារកិច្ច​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​ទាំងឡាយ​ក្នុង​ការ​ប្រតិបត្តិ​កិច្ចការ​តុលាការ និង​ធានា​របៀប​រៀបរយ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ។

ការ​ដួល​រលំ​របប​សាធារណរដ្ឋ​ខ្មែរ បាន​នាំ​មក​នូវ​របប​ថ្មី​មួយ​គឺ កម្ពុជា​ប្រជាធិបតេយ្យ ដឹកនាំ​ដោយ​ពួក​ខ្មែរ​ក្រហម​ពាក់​អាវ​ខ្មៅ​។ របប​នេះ មិន​បាន​នាំមក​នូវ​សុខ​សន្តិភាព​សម្រាប់​ប្រទេសជាតិ​នោះ​ទេ វា​បាន​កាត់​ផ្ដាច់​នូវ​និរន្តរភាព​នៃ​សង្គមជាតិ​ទាំងមូល។ ប្រវត្តិសាស្ត្រ​នគរបាល​ជាតិ​ក៏​ទទេ​ចែស មិន​មាន​កត់សម្គាល់​ចំណុច​ណា​មួយ​បាន​ឡើយ។

កម្លាំង​អ្នក​ស្នេហា​ជាតិ បង្កើត​បាន​ជា​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​វាយ​រំលំ​របប​យង់ឃ្នង​នៃ​ពួក​ប៉ុល ពត, អៀង សារី, ខៀវ សំផន និង​បក្សពួក រំដោះ​ជាតិ ប្រជាជន​ចេញ​ពី​កណ្ដាប់​ដៃ​ពួក​ប្រល័យ​ពូជសាសន៍​អស់​នេះ នៅ​ឆ្នាំ ១៩៧៩។ នា​ឆ្នាំ​នោះ ស្ថាប័ន​នគរបាល​ជាតិ​ក៏​បាន​រៀបចំ​បង្កើត​ឡើងវិញ ដោយ​មាន​ឈ្មោះ​ថា នគរបាល​ប្រជាជន​កម្ពុជា ស្ថិត​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ ដោយ​កាលនោះ​មាន​សម្ដេច​ធម្ម​ពោធិ​សាល ជា ស៊ីម ជា​រដ្ឋមន្ត្រី។

នគរបាល​ប្រជាជន​ត្រូវ​បាន​ជ្រើសរើស​ជា​បន្តបន្ទាប់ ដោយ​ពុំ​តម្រូវ​លក្ខណៈ​សម្បត្តិ​ឡើយ ឲ្យ​តែ​មាន​កាយសម្បទា​មាំទាំ មាន​ឆន្ទៈ មាន​មនសិការ​ជាតិ ស្មោះត្រង់​ចំពោះ​ជាតិ​មាតុភូមិ និង​ស្ម័គ្រចិត្ត​បម្រើ​ប្រជាជន គឺ​មិន​ចាំបាច់​មាន​ចំណេះដឹង បទពិសោធន៍ បច្ចេកទេស​អ្វី​ទេ ព្រោះថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​កម្រិត​ស្ទើរតែ​សូន្យ​ទៅ​ហើយ។ នគរបាល​ប្រជាជន​បាន​កើន​ពី ៤៥ នាក់​សម្រាប់​ក្របខ័ណ្ឌ ក្រសួង និង ១០ នាក់ នៃ​ក្របខ័ណ្ឌ​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ ១៩៧០ ដល់ ៣៦ ៣៥ នាក់​នៅ​ឆ្នាំ ១៩៨៦។

ពេលនោះ​វិស័យ​នគរបាល មាន​ការ​ប្រឈម​ជាច្រើន ដោយ​ខ្វះ​ចំណេះដឹង និង​បទពិសោធន៍ មធ្យោបាយ សម្ភារៈ​បច្ចេកទេស អាវុធ និង​ហិរញ្ញវត្ថុ។ ជាមួយ​គ្នា​នោះ អំពើ​ពុករលួយ ឧបាយកល​យាយី​ពី​ពួក​ខ្មែរ​ក្រហម ភាព​ចម្រូងចម្រាស​ផ្នែក​នយោបាយ​ផ្ទៃក្នុង​កើត​មាន​ស្ទើរតែ​គ្រប់​កន្លែង។ បញ្ហា​ប្រឈម​ទាំងនេះ គឺជា​វិញ្ញាសា​ជំរុញ​ឲ្យ​នគរបាល​ប្រជាជន​កម្ពុជា បង្កើន​បទពិសោធន៍ សមត្ថភាព និង​កសាង​ស្នាដៃ​យ៉ាង​ច្រើន​គួរ​ឲ្យ​កោតសរសើរ ទន្ទឹម​នឹង​ការ​ធ្វើ​បណ្ដើរ រៀន​សូត្រ​បណ្ដើរ ដកស្រង់​បទពិសោធន៍​បណ្ដើរ។

ចាប់ពី​ឆមាស​ទី២ នៃ​ឆ្នាំ ១៩៧៩ ការ​ជ្រើស​មន្ត្រី​នគរបាល​ជា​ផ្លូវការ​ត្រូវ​បាន​ចាប់ផ្ដើម និង​ធ្វើ​ឡើង​ជា​បន្តបន្ទាប់។ មន្ត្រី​នគរបាល​ត្រូវ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​សាលា​នគរបាល​បុរី​កីឡា និង​មួយ​ចំនួន​ទៀត​បញ្ជូន​ទៅ​រៀន​នៅ​វៀតណាម។ ដល់​ឆ្នាំ១៩៨០ (៦ខែ) មន្ត្រី​នគរបាល​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល ត្រូវ​បញ្ជូន​ទៅ​តាម​មន្ទីរ​នគរបាល​ខេត្ត ក្រុង។ កាលនោះ​ក៏​មាន​ការ​រៀបចំ​ការិយាល័យ​ជំនាញ​នៅ​ថ្នាក់​មន្ទីរ​ខេត្ត​ក្រុង ហើយ​បន្តបន្ទាប់​មក ទម្លាក់​ដល់​ថ្នាក់​ស្រុក-ខណ្ឌ និង​ឃុំ-សង្កាត់ ដែល​បច្ចុប្បន្ន​នេះ ក្លាយ​ទៅ​ជា ស្នងការដ្ឋាន (ថ្នាក់​ខេត្ត), អធិការដ្ឋាន(ថ្នាក់​ក្រុង-ស្រុក), ប៉ុស្តិ៍​រដ្ឋបាល(ថ្នាក់​ឃុំ-សង្កាត់)។

ចាប់ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៣ កម្ពុជា​បាន​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ជា​បន្តបន្ទាប់ ឈ្មោះ​ក្រសួង​គ្រប់គ្រង​នគរបាល​ជាតិ និង​នគរបាល​ជាតិ​ក៏​មាន​ការ​ផ្លាស់ប្ដូរ​ទៅ​តាម​នោះ។

នៅ​ឆ្នាំ ១៩៩៣ ក្រោយ​ការ​បោះឆ្នោត ដែល​រៀបចំ​ដោយ UNTAC កម្លាំង​នគរបាល​មាន​ចំនួន ៦៨៤៤០ នាក់ ដែល​ជា​ការ​រួមបញ្ចូល​គ្នា​ទាំង​បី​ភាគី គឺ​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ៤៩២៤៩ នាក់, ភាគី​គណបក្ស​ហ្វុនស៊ិនប៉ិច ១៥១០១ នាក់, ភាគី​គណបក្ស​រណសិរ្ស​រំដោះ​ជាតិ ៤០៤៥ នាក់ ទើប​មាន​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ចាត់​តាំង​ក្រោម​ឱវាទ​បន្ថែម​ទៀត ព្រមទាំង​ធ្វើការ​ផ្លាស់ប្ដូរ​ឈ្មោះ និង​ដំឡើង​ថ្នាក់​អង្គភាព​មួយ​ចំនួន​បន្ថែម​ទៀត ឲ្យ​ស្រប​ទៅ​នឹង​ការ​រីកចម្រើន​នៃ​ប្រទេស​ជាតិ។ អនុក្រឹត្យ​លេខ ១៦ ចុះ​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ១៩៩៣ ស្ដីពី ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​មហាផ្ទៃ មាន​រចនាសម្ព័ន្ធ​ចាត់តាំង​ធំៗ ចំនួន​៤ គឺ ខុទ្ទកាល័យ, អគ្គ​នាយកដ្ឋាន​នគរបាល​ជាតិ និង​អគ្គធិការដ្ឋាន​កិច្ចការ​នយោបាយ រដ្ឋបាល និង​នគរបាល។

ដោយឡែក អគ្គ​នាយកដ្ឋាន​នគរបាល​ជាតិ មាន​នាយកដ្ឋាន​កណ្ដាល​ចំនួន ៥ ដើម្បី​គ្រប់គ្រង​ដឹកនាំ​បញ្ហា តាម​បណ្ដា​ជំនាញ​នីមួយៗ ឲ្យ​កាន់​តែ​សុក្រឹត​ជាង​មុន ក្នុង​នោះ​រួមមាន៖ នាយកដ្ឋាន​កណ្ដាល​ព្រំដែន, នាយកដ្ឋាន​កណ្ដាល​សណ្ដាប់ធ្នាប់​សាធារណៈ, នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌, នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​នាយកដ្ឋាន​កណ្ដាល​មធ្យោបាយ។ នាយកដ្ឋាន​កណ្ដាល​នីមួយៗ មាន​នាយកដ្ឋាន​ក្រោម​ឱវាទ​ផ្សេង​គ្នា​ទៀត។

នៅ​ឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាល​បាន​បង្កើត​ស្នងការដ្ឋាន​ពិសេស ការពារ​បេតិកភណ្ឌ ក្រោយមក​បាន​ក្លាយ​ទៅជា​នាយកដ្ឋាន​ការពារ​បេតិកភណ្ឌ នៅ​ឆ្នាំ ២០០៦ តាម​អនុក្រឹតលេខ១៦៨ អនក្រ។

ដោយសារ​សភាពការណ៍ ប្រទេសជាតិ​ក្នុង​ដំណាក់កាល​នីមួយៗ មាន​ការ​វិវត្តន៍​ប្រែប្រួល​ខុសៗ​គ្នា ហេតុនេះ​ដើម្បី​ធានា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម សន្តិភាព ស្ថិរភាព​លើ​ផ្ទៃ​ប្រទេស​នោះ រចនាសម្ព័ន្ធ​នគរបាល​ជាតិ​ត្រូវ​បាន​កែទម្រង់​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់។ ការ​កែទម្រង់​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អគ្គ​នាយកដ្ឋាន​នគរបាល​ជាតិ បាន​ប្ដូរ​ឈ្មោះ​ទៅជា អគ្គ​ស្នងការ​នគរបាល​ជាតិ​តាម​រយៈ​អនុក្រឹត្យ​លេខ ២៧ ចុះ​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ២០០២។ ជាមួយ​គ្នា​នេះ នាយកដ្ឋាន​ចំនួន៥ ក៏​ត្រូវ​បាន​បង្កើត​ផង​ដែរ ក្នុង​នោះ​មាន​ដូចជា៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន, នាយកដ្ឋាន​ស្ថិតិ-លិខិត​ឆ្លងដែន, នាយកដ្ឋាន​នគរបាល​ទេសចរណ៍, នាយកដ្ឋាន​នគរបាល​អន្តរជាតិ និង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន។

ជា​រួម ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក​ដល់​បច្ចុប្បន្ន នគរបាល​ជាតិ ហាក់​ដូចជា​មិន​មាន​ការ​ប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ៕

សូម​ថ្លែង​អំណរគុណ​ដល់​លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាន​នាយកដ្ឋាន​ប្រវត្តិវិទ្យា និង​វិទ្យាសាស្ត្រ​នយោបាយ នៃ​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម, រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ផ្ដល់​ឯកសារ​យោង​ដ៏​មាន​សារសំខាន់​សម្រាប់​អត្ថបទ​ព័ត៌មាន​នេះ គឺ​ទស្សនាវដ្ដី «អបអរសាទរ ខួប​លើក​ទី​៦២ នៃ​ថ្ងៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា ១៦ ឧសភា ១៩៤៥​-​២០០៧​»។ សូម​រំឭក​ថា កាល​ពី​ឆ្នាំ ២០០៧ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដី​សម្រេច​លេខ ០៦ ស.ស.រ. ស្ដីពី ការ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​និង​ចងក្រង​ប្រវត្តិ​សកម្មភាព និង​សមិទ្ធផល​នានា​នៃ​កង​កម្លាំង នគរបាល​ជាតិ​កម្ពុជា ចាប់​ពី​ឆ្នាំ ១៩៤៥ ដោយ​មាន​ឯកឧត្ដម ស៊ន សំណាង ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ជា​ប្រធាន​, លោក​បណ្ឌិត អ៊ីវ ច័ន អនុប្រធាន​វិទ្យាស្ថាន​សភាជាតិ និង​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ ច័ន្ទ​តារា អគ្គស្នងការ​រង​នគរបាល​ជាតិ ជា​អនុប្រធាន ព្រមទាំង​សមាជិក ២១​នាក់​ទៀត។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.