កំពង់ស្ពឺ ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអាគុយចាស់ៗមួយកន្លែង ដោយសារទុស្សេចរន្តអគ្គិសនី បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៥ រហូតដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិត្រពាំងល្វា ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងខាងលើសាងសង់ពីគ្រោងដែកប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រx៧០ម៉ែត្រ ស្តុកអាគុយចាស់ៗ និងកែច្នៃ យីហោ ហ្សុង តេង អុិនធើណេសិនណល ត្រេឌីង ZHONGTENG (INTERNATIONAL) TRADING CO, LTD ហើយម្ចាស់ទីតាំង ឈ្មោះ ឈិន យ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ។

ឃ្លាំងស្តុកខាងលើត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ទាំងសម្ភារៈ ដែលបណ្តាលមកពីទុស្សេចរន្តអគ្គីសនី តែមិនបង្កឱ្យអ្នកណារងរបួសឡើយ ។ ហេតុការណ៍ខាងលើកើតឡើង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រហូតដល់រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ទើបភ្លើងរលត់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.