ភ្នំពេញ ៖ ប្រជាពលរដ្ឋ អ្នកដំណើរតាមដងផ្លូវនឹកហួសចិត្ត ខណៈដែលរថយន្តសង្គ្រោះមួយគ្រឿងកំពុងតែប្រញាប់ ចាត់បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់ សង្ស័យគាត់ប្រញាប់ជាងរថយន្តសង្គ្រោះហើយមើលទៅ ដល់ថ្នាក់បបោលម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តសង្គ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃស្តាំ បែកក្បាល រងខូចខាតទាំងរថយន្តទាំងម៉ូតូ បង្អាក់ដំណើរដល់ការងារប្រតិបត្តិការសង្គ្រោះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅលើស្ពានអាកាសផ្សារដីហុយ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តសង្គ្រោះមួយគ្រឿងជារថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ កំពុងដឹក ចាត់បញ្ជូនជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រថយន្តអនុវត្តទៅតាមលក្ខណៈបច្ចេកទេស នៃច្បាប់សង្គ្រោះត្រឹមត្រូវ ទាំងភ្លើង ទាំងសុីរ៉ែន ទាំងល្បឿនដែលបានកំណត់ គ្រាដែលកំពុងប្រតិបត្តិការចរាចរណ៍លើផ្លូវវិថីសហព័ន្ធរុស្សុី ពីលិចទៅកើត ឆ្ពោះទៅមន្ទីរពេទ្យព្រះកុសុមៈ លុះដល់ចំណុចលើស្ពានអាកាសផ្សារដីហុយ សនរាប់តែមានម៉ូតូហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-0199 ជិះដោយយុវជនម្នាក់ សង្ស័យប្រញាប់ជាងរថយន្តសង្គ្រោះហើយមើលទៅ បបោលឥតមេត្តា លឿនជ្រុលបំបុកពីក្រោយ រថយន្តសង្គ្រោះ ដែលកំពុងប្រតិបត្តិការសង្គ្រោះបន្ទាន់ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃស្តាំ បែកក្បាល សន្លប់ឈឹង ខ្ទេចទាំងរថយន្ត ទាំងម៉ូតូ បង្អាក់ដំណើរការងាររបស់រថយន្តសង្គ្រោះ ។

ក្រោយកើតហេតុ រឿងគ្រោះថ្នាក់ចរាចរណ៍ជារឿងដោយឡែក រឿងសង្គ្រោះជីវិតមនុស្សដោយឡែក ដោយគិតពីក្រមសិលធម៌របស់ក្រុមសង្គ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ ចេញទៅផ្ទេរយកជនរងគ្រោះពីក្នុងរថយន្ត និងយកជនរងគ្រោះដែលជិះបុករថយន្ត ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

បើតាមប្រជាពលរដ្ឋ អ្នកដំណើរ បានលើកឡើងថា ដូចជាជ្រុលពេលហើយ ហាក់បីដូចជាគ្មានក្រមសិលធម៌ក្នុងការបើកបរ រថយន្តសង្គ្រោះកំពុងប្រតិបត្តិការងារប្រញាប់បញ្ជូនជនរងរបួសទៅសង្គ្រោះបន្ទាន់ ចុះអ្នកបើកបរម៉ូតូប្រញាប់អ្វីដែរ ចិត្តខ្លាំងជាងឡានពេទ្យ បើកលឿនគ្មានមេត្តា បបោកបំបុកពីក្រោយរថយន្ត ធ្វើឱ្យបង្អាក់ដំណើរការងាររបស់ក្រុមសង្គ្រោះ ក្រុមគ្រូពេទ្យ៕

អត្ថបទ៖តាតុងសែនជ័យ

Share.