ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនវ៉ាជែងខាងស្តាំ ជ្រុលកៀររថយន្តកុងតឺន័រមួយគ្រឿងទៀតបើកស្របទិស រេចង្កូតខ្ទាតឡើងសួនទ្រូងផ្លូវ រថយន្តបង្កបើករត់គេច បានចម្ងាយជិត១០គីឡូម៉ែត្រ ទើបដេញឃាត់បាន ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភ្លើងស្តុប កែងផ្លូវ៤២ ក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធឫនីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុរថយន្តបង្ក កុងតឺន័រ ម៉ាកSCANIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3G-0346 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8638 បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងពីខាងស្តាំ ជ្រុលកៀររថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-7312 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5477 កំពុងបើកស្របទិសគ្នា ធ្វើឱ្យរេចង្កូតខ្ទាតឡើងសួនទ្រូងផ្លូវ បែកគម្របលូបង្ហូរទឹក ហើយរថយន្តបង្កបន្ថែមល្បឿនបើករត់គេច បានចម្ងាយជិត១០គីឡូម៉ែត្រ ដល់ចំណុច ស្ពានសាក់សំពៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទើបសមត្ថកិច្ច រួមជាមួយម្ចាស់រថយន្តរងគ្រោះដេញតាមឃាត់បាន ។

ក្រោយពីឃាត់រថយន្តបង្កបាន សមត្ថកិច្ច និងភាគីខាងរថយន្តរងគ្រោះ នាំតែអ្នកបើកបរវិលមកកន្លែងកើតហេតុវិញទេ ធ្វើការសម្របសម្រួល ដោយចេញសងថ្លៃខូចខាតរថយន្ត និងសងថ្លៃបែកគម្របលូ ខាងក្រុមហ៊ុនចិន ផ្លូវក្រវ៉ាត់ក្រុងទី៣ ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.