ក្រោយ​ប្រឡូក​ការងារ​អស់​ជិត​២០ឆ្នាំ​ក្នុង​វិស័យ​បាល់ទាត់​ ក្នុង​នាម​ជា​មន្ត្រី​អាជ្ញាកណ្ដាល ពេល​នេះ​លោក ថោង ច័ន្ទកិត្យា បាន​ប្រកាស​ចាកចេញ​ពី​វិស័យ​មួយ​នេះ​ទៅ​ហើយ ខណៈ​លោក​គឺ​ជា​ជនជាតិ​ខ្មែរ​ទី១​ដែល​បាន​ជាន់​ទីលាន​ប្រកួត​ពានរង្វាន់ AFC Champions League។

នៅ​រាត្រី​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០២៤ ថ្មីៗបុរស​វ័យ​៤៣​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ «សូម​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ និង​បងប្អូន​ដែល​ស្នេហា​វិស័យ​បាល់ទាត់​ទាំង​អស់​​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ចូលរួម​ការងារ​ក្នុង​អាជីព​ជា​អាជ្ញាកណ្តាល​និង​ជា​អ្នក​វាយ​តម្លៃ​អាជ្ញាកណ្តាល​បាល់ទាត់​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ អស់​រយ:​ពេល​ជិត​២០​ឆ្នាំ​មក​នេះ»។

លោក​បន្ត​ថា៖«ចាប់​ពី​ពេល​នេះ​តទៅ​ខ្ញុំ​សូម​ប្រកាស​ថា​ ខ្ញុំ​នឹង​ឈប់​បន្ត​ការងារ​រាល់​ការ​ប្រកួត​ផ្លូវការ​របស់​សហព័ន្ធ​បាល់ទាត់​បន្ត​ទៀត​ពី​ពេល​នេះ​តទៅ។ សូម​អរគុណ​សម្រាប់​ការ​គាំទ្រ​រហូត​មក​ និង​ជូនពរ​ដល់​ប្អូនៗ​ដែល​ជា​អាជ្ញាកណ្តាល​បាល់ទាត់​កម្ពុជា ទាំង​អស់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ ដើម្បី​ភាព​រីកចម្រើន​ក្នុង​វិស័យ​បាល់ទាត់​មួយ​នេះ​ជា​និរន្តរ៍»។

ចន្លោះ​១០​ឆ្នាំ​ជាង​មក​នេះ អ្នក​គាំទ្រ​បាល់ទាត់​​ជា​ច្រើន​ប្រហែល​មិន​ទាន់​ភ្លេច​ទេ ពី​ការ​កាត់សេចក្តី​របស់​លោក ថោង ច័ន្ទកិត្យា ជា​ពិសេស​រាល់​ពេល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ជើង​ឯក​ថ្នាក់​ជាតិ​នានា​មិន​ថា​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ឬ ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ជាដើម។

អ្វី​ដែល​គួរ​អោយ​កត់​សម្គាល់​នោះ​លោក ថោង ច័ន្ទកិត្យា ធ្លាប់​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​តំបន់​អាស៊ាន និង​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី អញ្ជើញ​ឱ្យ​ទៅ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​នានា ពោល​គឺ​​​នៅ​ឆ្នាំ​២០១៣ លោក​​បាន​​ចូលរួម​ដឹកនាំ​ការប្រកួត​ពានរង្វាន់ AFC Cup និង​ពានរង្វាន់ AFC Champions League ទៀត​ផង។ លោក​បាន​ធ្វើ​ជា​មន្រ្តី​អាជ្ញាកណ្តាល​ទី៤ ក្នុង​ពានរង្វាន់ AFC Champions League ក្នុង​ជំនួន​វគ្គ​ជម្រុះ​តាម​ពូល​រវាង​ក្រុម៖

ប្រកួត​ទី១៖ ក្រុម​ Jeonbuk Motors (កូរ៉េខាងត្បូង ) ១ – ១ Guangzhou​​ (ចិន) នៅ​កូរ៉េខាងត្បូង
ប្រកួត​ទី២៖ ក្រុម Suwon Bluewings (កូរ៉េខាងត្បូង) ២-៦ Kashiwa Reysol (ជប៉ុន) នៅ​កូរ៉េខាងត្បូង
ប្រកួត​ទី៣៖ Beijing Chengfeng (ចិន) ២-២ Suwon Bluewings (កូរ៉េខាងត្បូង) នៅ​ប្រទេស​ចិន

មិន​តែ​ប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ជា​មន្រ្តី​ទី៤ ក្នុង​ការ​ប្រកួត​ពានរង្វាន់​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី រវាង​ម្ចាស់​ផ្ទះ​ហុងកុង របស់​ចិន ចាញ់​​​អារ៉ាប់ប៊ីសាអូឌីត ៤-០ នៅ​ថ្ងៃ​ទី​១៥ តុលា ២០១៣ និង​បន្ត​ធ្វើ​ជា​មន្រ្តី​ទី៤ ក្នុង​ប្រកួត​រវាង​ម្ចាស់​ផ្ទះ​កូរ៉េខាងជើង ឈ្នះ​លើ​ក្រុម​យេមែន ១-០ ក្នុង​ថ្ងៃ​ទី​១២ តុលា ២០១៥ ផង​ដែរ។

ក្រោយ​ពី​ចាកចេញ​ពី​អាជីព​ជា​អាជ្ញាកណ្ដាល ក្នុង​រយៈពេល​ចុង​ក្រោយ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​លោក ថោង ច័ន្ទកិត្យា បាន​ដើរតួរ​ជា​អ្នក​គ្រូ​បង្រៀន​សម្រាប់​អាជ្ញាកណ្តាល​ក្នុង​ស្រុក​ផង និង​ជា​អ្នក​វាយ​តម្លៃ​អាជ្ញាកណ្តាល​សម្រាប់​ពានរង្វាន់​នានា​ក្នុង​​ប្រទេស​កម្ពុជា ទៀត​ផង៕

Share.