ក្រុម​បាល់ទះ​ជម្រើស​ជាតិ​នារី​របស់​ជប៉ុន និង​ចិន មាន​ឈ្មោះ​​តំណាង​ឱ្យ​ទ្វីប​អាស៊ី មាន​ឈ្មោះ​ទៅ​លេង​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Women’s World Championship ដែល​ប្រទេស​​ហុល្លង់ និង​ប៉ូឡូញ ធ្វើ​ជា​សហម្ចាស់​ផ្ទះ។

អត្ថបទពាក់ព័ន្ធ៖ម្ចាស់​ជើង​ឯក​១៣​សម័យកាល ចិន ជា​​ក្រុម​ទី៦ ​ដក​ខ្លួន​ពី​​ប្រកួត​បាល់ទះ​​នារី​ជើង​ឯក​ប្រចាំ​ទ្វីប

សហព័ន្ធ​កីឡា​បាល់ទះ​ប្រចាំ​ទ្វីប​អាស៊ី បាន​សម្រេច​២ប្រទេស​នេះ​មាន​ឈ្មោះ​ចូលរួម​ដោយ​រាប់​លើ​ចំណាត់​ថ្នាក់​​ដែល​កំណត់​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ (FIVB) ព្រោះ​ព្រឹត្តការណ៍​កីឡា​បាល់ទះ​នារី​ជើង​ឯក​ទ្វីប​អាស៊ី 21st Asian Sr. Women’s Volleyball Championship គ្រោង​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​លើក​ពេល​ទៅ​ធ្វើ​នៅ​​​ឆ្នាំ​២០២២ ខាង​មុខ​ឯណោះ ក្នុង​អំឡុង​ខែ​ឧសភា។ ដូច្នេះ​មិន​អាច​​កំណត់​ក្រុម​តំណាង​ទ្វីប​ បាន​នោះ​ទេ។

ចំពោះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIVB Volleyball Women’s World Championship នឹង​ជ្រើសរើស​យក​ក្រុម​ខ្លាំង​ជាង​គេ​ចំនួន​២៤ក្រុម​តំណាង​ឱ្យ​ទ្វីប​នីមួយៗ ចូលរួម​ប្រកួត ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ។

ពានរង្វាន់​នេះ​រៀបចំ​រាល់​៤ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥២ មក​ម៉្លេះ ហើយ​ក្រុម​រុស្ស៊ី ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦លើក ហើយ​ជប៉ុន ឈ្នះ​បាន​៥លើក។ ចំណែក​ក្រុម​ស៊ែប ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់​ ក្រោយ​យក​ឈ្នះ​អ៊ីតាលី ៣សិត​ទល់២សិត៕

Telegram-Troryorng
Share.