តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​ សួស វីហ្សា ​បាន​វិល​ជួប​ជុំ​ក្រុម​គ្រួសារ​យ៉ាង​មាន​ក្ដី​សុខ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​២៤​ខែ​មេសា​នេះ​ ក្រោយ​ធ្វើ​តេស្ដ​ជំងឺ​កូវីដ​-១៩ ទទួល​បាន​លទ្ធផល​ជា​សះស្បើយ​១០០​ភាគ​រយ​។ នេះ​បើ​យោង​តាម​ស្វាមី​របស់​អ្នក​នាង​លោក​ Tommy បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។

អ្នក​នាង​ សួស វីហ្សា គឺ​ជា​តារា​ចម្រៀង​ក្នុង​ទ្រនំ​ផលិតកម្ម​ហង្សមាស​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩​ ហើយ​ធ្វើ​តេស្ថ​រហូត​ដល់​ទៅ​៣​លើក​ទើប​រក​ឃើញ​មាន​វិជ្ជមាន​ជំងឺ​នេះ​ និង​ត្រូវ​បាន​នាំ​យក​ទៅ​សំរាក​ព្យាបាល​នៅ​សណ្ឋាគារ​ The Great Duke។


នៅ​ថ្ងៃ​ទី ​៧ ​ខែ​មេសា​ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត​ឱ្យ​អ្នក​នាង​ត្រលប់​មក​សំរាក​និង​ផ្ទះ​វិញ​ដោយ​លទ្ធផល​តេស្ដ​អវិជ្ជមាន​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ពេល​មក​ដល់​ផ្ទះ​អ្នក​នាង​នៅ​តែ​បន្ត​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក​ពី​សមាជិក​គ្រួសារ​ពិសេស​ស្វាមី​និង​កូន​ស្រី​សម្លាញ់​ចិត្ត​ ​រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ​ខែ​មេសា ​ឆ្នាំ​២០២១​​ ពោល​គឺ​៤​ថ្ងៃ​ក្រោយ​ពី​អ្នក​នាង​ សួស វិហ្សា ​បាន​យក​តេស្ត​សំណាក​ជា​លើក​ចុង​ក្រោយ​​កាល​ពី​ថ្ងៃ​ទី​២០​ខែមេសា​ ដោយ​លទ្ធផល​បាន​បញ្ជាក់​ថា​ពេល​នេះ​អ្នក​នាង​ពិត​ជា​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩ មួយ​រយ​ភាគ​រយ​ហើយ​។

ក្រោយ​ទទួល​បាន​លទ្ធផល​បញ្ជាក់​ពី​គ្រូ​ពេទ្យ​រួច ​​​​តារា​ចម្រៀង​រូប​នេះ​បាន​ចេញ​ពី​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ដើម្បី​មក​ជួបជុំ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ភ្លាម​ៗ ក្នុង​នោះ​​កូន​ស្រី​វ័យ​ជាង​៦​ខែ Jenny ​ព្រម​ទាំង​ស្វាមី​លោក​ Tommy ​ និង​ទទួល​បាន​ទឹក​មន្ត​ប្រោះព្រំ​ពរជ័យ​ពី​អ្នក​មាន​គុណ​ផង​ដែរ​។

Share.