បាត់ដំបង៖ ផ្លែមៀនក្រអូប និងតាង៉ែនជិត ២ពាន់ត្រូវបានប្រមូលទិញពីកសិករភូមិសាស្ត្រខេត្តបាត់ដំបងក្នុងអំឡុងកូវីដ-១៩ និងការជាប់ស្ទះទីផ្សារក្រៅប្រទេស។

ក្រុមការងាររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត បានបោះទី តាំងឈរជើង និងចុះប្រមូលទិញផ្លែមៀនក្រអូប និងផ្លែតាង៉ែន​ ដល់ចម្ការផ្ទាល់របស់ប្រជាកសិករក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង និងខេត្តជាប់គ្នាបានចំនួនជិត ២ពាន់តោន ដើម្បីជួយសម្រួលបញ្ហាកកស្ទះទីផ្សារប៉ះពាល់ដោយសារជំងឺកូដ-១៩ គិតត្រឹមថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១នេះ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា យោងតាមកិច្ចប្រជុំបូកសរុប លទ្ធផលការងារនៃការចុះប្រមូលទិញ ផ្លែមៀនក្រអូប និងតាង៉ែន ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុន ហៀង នាយករងខុទ្ទកាល័យសម្តេច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បេសកកម្មឈរជើងមួយកន្លែង ព្រមទាំងការចុះដល់មូលដ្ឋានចម្ការមានរយះពេល១៣ថ្ងៃ ក្រុមការងារប្រមូលទិញផ្លែឈើមៀនក្រអូប និងតាង៉ែន បានសរុបចំនួន ១៧៧៨ តោន ក្នុងនោះបានទទួលទិញនៅទីតាំងឈរជើងមួយកន្លែងបានចំនួន ៧៧៨តោន និងការចុះទិញដល់ចម្ការមានចំនួន ១ ០០០តោន។   

ផ្លែមៀនក្រអូប និងផ្លែតាង៉ែនដែលប្រមូលទិញពីកសិករនេះ មិនមែននាំយកទៅលក់នៅក្នុងទីផ្សារមួយណានោះទេ គឺនាំយកទៅធ្វើកម្មវិធីមនុស្សធម៌ សម្រាប់ចែកជូនដល់កម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ ក្រុមគ្រូពេទ្យ និងជួរមុខ ពិសេសជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩នៅតាមមណ្ឌលនានាបានពិសារ ដែលនេះជាការយកចិត្តទុកដាក់ និងគិតគូរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន។

ប្រភពដដែលបន្ថែមថា ផ្លែមៀន និងផ្លែតាង៉ែនទុំ របស់ប្រជាកសិករដែលក្រុមការងារប្រមូលទិញមកដល់ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១នេះ គឺបានប្រមូលទិញអស់ពីចម្ការស្ទើរតែទាំងស្រុងហើយ លើកលែងតែផ្លែមៀន និងតាង៉ែនដែលនៅខ្ចីមិនទាន់ទុំ ៕

អត្ថបទ៖ ដំបងក្រញូង

Share.