ប្រសិន​បើ​អ្នក​ដែល​ធ្លាប់​តាមដាន​និង​ជា​អ្នក​គាំទ្រ​របស់​អ្នក​ម្ដាយ​ចិញ្ចឹម​កូន​ខ្មែរ​ Angelina Jolie ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា​ក្រៅ​អំពី​ជា​តារា​សម្ដែង​ដ៏លេចធ្លោរ​នៅ​ Hollywood ហើយ​នោះ​តារា​ស្រី​រូប​នេះ​ក៏​មាន​តួ​នាទី​ផលិតករ​និង​អ្នក​ដឹកនាំ​ភាពយន្ត​ផង​ដែរ​ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​នេះ​អ្នក​គាំទ្រ​មិន​សូវ​បាន​ឃើញ​តារា​រូប​នេះ​ដើរ​តួ​នាទី​ជា​អ្នក​ដឹកនាំ​និង​ផលិតករ​ប៉ុន្មាន​នោះ​ទេ​។​

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទស្សនា​វដ្ដី​ Entertainment Weekly តួឯក​ស្រី​​ភាពយន្ត​ Maleficent រូប​នេះ​បាន​ឱ្យ​ដឹង​ថា​បន្ទាប់​ពី​សមិទ្ធផល​ភាពយន្ត​ «First They Kill My Father»​ អ្នក​ស្រី​បាន​ដក​ឃ្លា​ទទួល​ត្រឹម​តែ​ការងារ​សម្ដែង​ប៉ុណ្ណោះ​ និយាយ​ជា​រួម​គឺ​ក្រោយ​ពី​អ្នក​ស្រី​សម្រេច​ចិត្ត​ប្ដឹង​លែងលះ​ស្វាមី​ Brad Pitt កាល​ពី​ឆ្នាំ​២០១៦​។​

«ខ្ញុំ​នៅ​តែ​ស្រលាញ់​ការដឹកនាំ​ តែ​ពេលនេះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ក្រុម​គ្រួសារ​ខ្ញុំ​មាន​ការ​ផ្លាស់ប្ដូរ​ ដូច្នេះ​ហើយ​ខ្ញុំ​ចាំ​បាច់​ត្រូវ​តែសម្រាក​ពី​ការ​ដឹកនាំ​ភាពយន្ត​មួយ​រយៈ​ធំ​ដើម្បី​នៅ​ផ្ទះ​ឱ្យ​បាន​ច្រើន​ជាង​មុន​ ព្រោះ​ហេតុនេះ​ទើប​មួយ​រយៈ​ក្រោយ​នេះ​ខ្ញុំ​ទទួល​តែ​ការងារ​សម្ដែង​តែមួយ​មុខ​»

អ្នក​ស្រី​ Angelina Jolie ទទួល​បាន​ពានរង្វាន់​អូស្ការ​ក្នុង​ផ្នែក​តួ​រង​ស្រី​ឆ្នើម​តាមរយៈ​ការ​សម្ដែង​ក្នុង​រឿង​ Girl, Interrupted (1999) ចំណែក​ស្នាដៃ​ដឹកនាំ​ភាពយន្ត​មាន​ចំនួន​៥​រឿង​ដេល​សុទ្ធសឹង​តែ​ជា​ភាពយន្ត​ខ្នាត​ធំ​ទាំង​អស់​ក្នុង​នោះ​មាន​ A Place in Time (2017), In the Land of Blood and Honey (2011), Unbroken (2014), By the Sea (2015) និង​ First they Killed My Father (2017) ហើយ​នៅ​ថ្ងៃ​ទី ​១៤ ​ខែ​ឧសភា ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​នឹង​មាន​ស្នាដៃ​សម្ដែង​រឿង​ Those Who wish me Dead នៅ​លើ​កញ្ចក់​ទូរទស្សន៍​ HBO Max

Share.