សៀមរាប ៖ អគ្គិភ័យឆាបឆេះផ្ទះបាយ តែមួយពព្រិចភ្នែក ជង្រុកស្រូវ៥តោន ឆេះអស់រលីង គិតជាងប្រាក់ជាង៧លានរៀល ដោយសារម្ចាស់មុនបានពន្លត់ភ្លើងចង្ក្រាន ហើយចូលដេកសម្រាកបាត់ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ក្រាក់ គឿម ជាស្រ្តីមេម៉ាយ អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ចង្ក្រានបាយ ជង្រុកស្រូវដែលភ្លើងឆាបឆេះ សង់ពីឈើប្រក់ស្លឹក ជញ្ជាំងស្លឹក ទំហំ៣ម៉ែត្រx៥ម៉ែត្រ សង់ខ្ពស់ពីដី១ម៉ែត្រ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្រោយពីដាំបាយហើយ មិនបានពន្លត់ភ្លើងចង្ក្រាន ហើយចូលដេកសម្រាកបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ម្យ៉ាងខ្យល់ផង ធ្វើឱ្យរងើកភ្លើងប៉ើងទៅប៉ះជញ្ជាំងស្លឹក បណ្តាលឱ្យឆាបឆេះតែម្តង ខូចខាតអស់ទាំងស្រុង អស់ទាំងស្រូវ៥តោនទៀត គិតជាទឹកប្រាក់ជាង៧លានរៀល ។គ្រោះអគ្គិភ័យខាងលើ ខូចខាតតែស្រូវ និងសម្ភារៈប្រើប្រាស់មួយចំនួន មិនបង្កឱ្យរបួសដល់មនុស្សឡើយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.