ក្រុមតាលីបង់មួយក្រុមបាននាំគ្នាសម្រុកចូលស្ថានីយ៍ទូរទស្សន៍ក្នុងប្រទេសអាហ្វហ្កានីស្ថាន ទាមទារឲ្យពិធីករព័ត៌មាន និយាយសរសើរពីការគ្រប់គ្រងរបស់ក្រុមតាលីបង់។

ថ្មីៗនេះ មានវីដេអូឃ្លីបមួយ បានបង្ហាញពីសកម្មភាពរបស់ក្រុមតាលីបង់មួយក្រុមស្ពាយកាំភ្លើងជាប់នឹងខ្លួនឈរពីក្រោយអ្នកអត្ថាធិប្បាយព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍អាហ្វហ្កានីស្ថាន ដើម្បីគំរាមពិធីករព័ត៌មាននិយាយសរសើរពីក្រុមរបស់ពួកគេ។

នៅក្នុងការផ្សាយបន្តផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍ខាងលើ ពិធីករព័ត៌មានបានលើកឡើងនៅក្នុងកម្មវិធី Pardaz ដែលជាកម្មវិធីជជែកវែកញែកអំពីនយោបាយ និង ការដួលរលំរដ្ឋាភិបាលរបស់លោក អារ្វាហ៍ ហ្គានី ក្រោយពីក្រុមតាលីបង់បានយកឈ្នះសង្រ្គាម និង គ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានបានទាំងស្រុង។ ពិធីករព័ត៌មានខាងលើបាននិយាយអំពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ ហើយកុំឲ្យប្រជាជនអាហ្វហ្កានីស្ថានមានការភ័យខ្លាច ឡើយ។

ឃ្លីបវីដេអូនេះត្រូវបានគេចុចចូលមើលជាង ១លានដង ខណៈដែលពិធីកររូបនេះហាក់បីដូចជាភ័យខ្លាច ព្រោះតែក្រុមតាលីបង់ទាំងនោះឈរយាមនៅខាងក្រោយខ្នងបង្ខំឲ្យពិធីកររូបនេះនិយាយល្អៗពីពួកគេ។

ក្នុងអំឡុងពេលនៃកម្មវិធី Pardaz នោះ ពិធីកររូបនេះ ក៏បានប្រាប់ប្រជាជនឲ្យសហការជាមួយក្រុមតាលីបង់ផងដែរ ព្រោះក្រុមនេះជាក្រុមគួរឲ្យទុកចិត្តបំផុតសម្រាប់ប្រទេស។ សូមរំលឹកថា កាលពីថ្ងៃទី ២៦ ខែសីហា កន្លងទៅ​ ក្រុមតាលីបង់ក៏បានវាយ និង ធ្វើបាបអ្នកកាសែតអាហ្វហ្កានីស្ថានម្នាក់ផងដែរ៕

ប្រភព៖ The Times

Share.