បាត់ដំបង៖ ពលរដ្ឋបានប្រទះឃើញសាកសពបុរសវ័យជាង ៤០ឆ្នាំម្នាក់ ដែលត្រូវបានគេវ៉ៃសម្លាប់ ហើយយកទៅកប់ដីក្នុងដីទំនេរមួយកន្លែង។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡបានបញ្ជាក់ប្រាប់ឲ្យថឹងថា  ហេតុការណ៍នេះ បានកើតឡើង ត្រង់ដីឡូត៍ទុកចោលមួយកន្លែងស្ថិតនៅក្រុមទី ២ ភូមិ បាស្រែ ឃុំ ដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ ម្សិលមិញនេះ។

សាកសពជនរងគ្រោះមានឈ្មោះ យ៉ង សារ៉ាត់ ហៅតាក់ ភេទប្រុស ឣាយុ ៤៥ឆ្នាំ រស់នៅភូមិ ព្រៃភ្ងាស់ ឃុំ ដូនបា មានជម្ងឺសរសៃប្រសាទជាប់នឹងខ្លួន។ ក្រោយការពិនិត្យធ្វើកោសល្យវិច្ឆ័យពីក្រុមនគរបាលជំនាញ បានរកឃើញ ស្លាកស្នាមមួយចំនួនដែលវាយដោយវត្ថុរឹងត្រូវផ្ទៃមុខខាងឆ្វេង និងក្បាលផ្នែកខាងក្រោយចំហៀងខាងស្តាំ សាកសពមានសភាពហើម និងរលួយធុំក្លិន។

ប្រភពពីប្រជាពលរដ្ឋជាអ្នករកអុសដែលប្រទះឃើញបញ្ជាក់ថា  ដំបូងគាត់បានឃើញដានអាចម៍ដីដែលលុបជារណ្តៅជម្រៅប្រ ហែលកន្លះម៉ែត្រ ហើយដាក់ការសង្ស័យ រួចគាត់ក៏ឆ្កឹះកាយដីមើល ក៏ធុំក្លិនស្អុយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ដល់សមត្ថកិច្ចតែម្តង។

ករណីឃាតកម្មខាងលើនេះកម្លាំងផ្នែកជំនាញកំពុងបើកការស្រាវជ្រាវដើម្បីស្វែងរកជនបង្កផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.