ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះបុកជាមួយហុងដាBeat កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ឈ្មោះ ឌុច រ៉ែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតភូមិខ្នាចរមាស ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត រងរបួសធ្ងន់ ប្រពន្ធរងរបួសស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KT-8221 ឌុបប្រពន្ធពីត្បូងទៅជើង ដល់ចំណុចកើតហេតុបត់ឆ្វេងឆ្លងផ្លូវ ត្រូវបានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-3862 ជិះដោយស្ត្រីម្នាក់ពីត្បូងទៅជើង ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់ ។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ និងប្រពន្ធត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.