ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ តារាចម្រៀងខ្មែរសុរិន ចេន សាយចៃ មិនអាចធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីបំពេរអារម្មណ៍អ្នកគាំទ្រដោយផ្ទាល់បាន តែបានផ្ញើសំនៀងតាមរយៈបទចម្រៀងថ្មីជំនួសចិត្តស្រលាញ់និងក្ដីនឹករលឹកជូនចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់។

តារាចម្រៀង ចេន សាយចៃ ធ្លាប់បានបញ្ចេញបទចម្រៀងបំពេរសោតាប្រិយមិត្តអ្នកស្ដាប់នៅកម្ពុជា ហើយទទួលបានការនិយមគាំទ្រជាច្រើនបទកន្លងមកនោះ កាលពីរាត្រីថ្ងៃច័ន្ទទី២៦ ខែមេសាម្សិលមិញនេះបានចែករំលែកនូវបទចម្រៀងថ្មីដែលមានចំណងជើងថា «จันทรารำพึง» ប្រែសម្រួលមិនផ្លូវការថា «ព្រះច័ន្ទទន្ទេញទន្ទឹងចាំ» ព្រមជាមួយនឹងសំណេរសារស័ព្ទពីទឹកចិត្តនឹករលឹកដល់អ្នកគាំទ្រកម្ពុជាគ្រប់ៗរូប។

«ដោយសារតែបញ្ហាកូវិដធ្វើអោយនាងខ្ញុំមិនអាចមកជួបបងប្អូនបាននាងខ្ញុំពិតជាមានសេចក្តីនឹករលឹកដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់។នាងខ្ញុំសូមផ្ញើបទចម្រៀងមួយបទនេះជូនដល់បងប្អូនទាំងអស់គ្នាស្តាប់កំសាន្តផងដែរ »។ ដកស្រង់ចេញពី Page Jane Saijai Fanpage។
នៅក្នុងសំណេរនោះតារាចម្រៀងសំឡេងពីរោះស្ដាប់មិនចេះជិនណាយ ចេន សាយចៃ ក៏មិនភ្លេចក្រើនរំលឹកចំពោះអ្នកគាំទ្រឱ្យថែរក្សាសុខភាពនិងរក្សាគំលាតអនាម័យ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ (Covid-19) គ្រប់ៗគ្នា។
តារាចម្រៀងចេន សាយចៃថ្មីៗនេះក៏មានបទចម្រៀងបុណ្យចូលឆ្នាំនៅក្នុងផលិតកម្មថោន បទ «នាងលក់ក្របីចោល» ដែលបទចម្រៀងទទួលបានការពេញនិយមនិងគាំទ្រច្រើនគួរសមទោះជាស្ថិតក្នុងស្ថានការកូវីដ-១៩ កំពុងតែធ្វើទុក្ខនិងញាំញីដល់ការជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាក្ដី៕