សិល្បៈជាតិ៖ ភ្ជាប់ជាមួយចំណងជើងខាងលើ នៅក្នុងអត្ថបទនេះសារព័ត៌មានត្រយងមកគាស់អារម្មណ៍ប្រិយមិត្តជាអ្នកគាំទ្រទាំងអស់គ្នា មកដឹងពីប្រវត្តិខ្លះ និងទីតាំងប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី ដែលហាក់កំពុងស្ថិតនៅយ៉ាងឯកោគ្មានអ្នកទេសចរណានឹកដល់។

ជាការពិតណាស់ប្រាសាទតាមាន់ និង តាក្របី ចាប់ផ្តើមល្បីរន្ទឺ និងធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ចាប់អារម្មណ៍ ចង់ដឹង ចង់ស្គាល់ និងចង់ឃើញ កាន់តែខ្លាំងឡើង នៅក្រោយពេលដែលមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកងទ័ពខ្មែរ និងថៃ កាលពីអំឡុងឆ្នាំ២០០៨ ដើម្បីគ្រប់គ្រងប្រាសាទនេះ។ 

ក្នុងនោះភ្ញៀវទេសចរភាគច្រើនជាមនុស្សចាស់ និយមធ្វើបុណ្យធ្វើទានបានទៅទស្សនាច្រើននៅក្នុងអំឡុងពេលមានបុណ្យធំៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ…ជាដើម ដោយពួកគាត់ចង់ឃើញចង់ស្គាល់ ហើយបានប្រមូលមូលមីនាំគ្នាជួលរថយន្តទៅកម្សាន្ត និងមានវេចអាហារដាក់តាមខ្លួនថែមទៀត។ ប៉ុន្តែនាពេលបច្ចុប្បន្នស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ប្រាសាទបុរាណខ្មែរចំនួន ៣ សង់លើជួរភ្នំដងរ៉ែក ជាប់ព្រំដែនថៃ បែរជាមានសភាពស្ងប់ស្ងាត់បាត់អ្នកទេសចរណ៍នឹកនាទៅវិញ។ 

យ៉ាងណាមិញ ក៏មានជាមតិអ្នកលេងបណ្ដាញសង្គមខ្លះលើកឡើងជាការអំពាវនាវថា ៖ «បងប្អូនដែលមានរថយន្តខ្ពស់ៗ ឬក្រុមអ្នកចូលចិត្តដើរលេងតាមបែបផ្សងព្រេងនៅតំបន់ឆ្ងាយៗ គួរនាំគ្នាទៅលេងប្រសាទទាំងបីនេះ ឱ្យបានញឹកញាប់ ដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជាយើងដែលឈរជើងការពារនៅទីនោះ។ ប្រាសាទទាំងបីនេះសង់លើជួរភ្នំដងរ៉ែកជាប់ទល់ដែនថៃ ហើយថៃធ្លាប់វាយប្រយុទ្ធដណ្តើមកាន់កាប់ប្រាសាទនេះ ម្តងហើយ។ សព្វថ្ងៃប្រាសាទ តាមាន់ធំ តាក្របីឈរជើងដោយកងទ័ពទាំងពីរថៃនិងខ្មែរ ឯតាមាន់តូចឮថាថៃកាងយកទាំងស្រុង»។ ដូច្នោះ តស់យើងមកស្គាល់អំពីប្រាសាទទាំង ៣ នេះ៖

១-ប្រាសាទតាក្របី

ប្រាសាទតាក្របី ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣។ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២ ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ដែលស្ថិតនៅលើជួរភ្នំដងរែក។ កេរ្តិ៍ឈ្មោះប្រាសាទនេះចាប់ផ្ដើមល្បីល្បាញក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុងពេលកាលពីប៉ុន្មានសិបឆ្នាំមុនថា កងទាហានកម្ពុជា និងថៃ មានការវាយប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងប្រាសាទតាក្របីនេះ។ នៅលើប្រាសាទតាក្របី មានទាហានថៃ និងទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ។ បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រង។ប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទនេះជារបស់ខ្មែរ។

២-ប្រាសាទ តាមាន់តូច

ប្រាសាទតាមាន់តូច ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ។ បានសាងសង់ឡើងនៅ ចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ ជាមន្ទីរពេទ្យរឺ អរោគ្យសាលា មានបណ្ដោយ ៦០ម៉ែត្រ និង ទទឹង ៥០ម៉ែត្រ តួប្រាសាទធ្វើពី ថ្មភក់ មានតំកល់ ព្រះពោធិសត្វកៃសជ្យគុរុ(គ្រូពេទ្យថ្នាំទិព្វ) មានគោបុរៈ៤ទិស និងកំពែងព័ទ្ធជុំវិញធ្វើពី ថ្មបាយក្រៀម។ បើតាមឯកសាររបស់ថៃបានបញ្ជាក់ថា នៅឆ្នាំ១៩៩០-១៩៩១ ព្រះម្ចាស់សិរិន្ទ្រថន និងប្រតិភូនៃ មន្ទីវប្បធម៌ និង វិចិត្រសិល្បៈថៃមក សម្ភោទ ប្រារព្ធពិធី បើកការរដ្ឋាន និងជួសជុលប្រាសាទ។ ហើយរូបបដិមា និង វត្ថុបុរាណជាច្រើនត្រូវបានថៃប្រមូលយកទៅតំកល់ទុកនៅសារមន្ទីរសុរិន្ទ និងសារមន្ទីរនគររាជ។

៣-ប្រាសាទតាមាន់ធំ

ប្រាសាទតាមាន់ធំ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ ​បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ទាំមូលមានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ ប្រាសាទកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរ ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក។ ប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូង។ ប្រសិនបើគេចេញពីខ្លោងទ្វារប្រាសាទ គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ ចំនែកនៅខាងក្រោមមានស្រះទឹកបុរាណមួយផងដែរ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌជាតិខ្មែរដែលជាកេរតំណែលពីដូនតាទាំងអស់គ្នា ឱ្យស្របតាមគោលការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលថា កិច្ចការពារ បេតិកភណ្ឌវប្បធម៌ជាភារកិច្ចកូនខ្មែរគ្រប់រូប៕

Share.