ភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងស្រាជិះម៉ូតូ រកផ្លូវទៅផ្ទះនៅឯខេត្តតាកែវមិនឃើញ បែជាច្រឡំជិះឡើងទៅលើផ្លូវល្បឿនលឿន ជ្រុលបុកខឿនទ្រូងផ្លូវ បណ្តាលឱ្យដួលរងរបួសធ្ងន់ បែកប្រអប់ជើងឆ្វេង សន្លប់វង្វេងបាត់ស្មារតី កាលពីវេលាម៉ោង១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ចំណុចភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ដួង សុទ្ធចាន់ផន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសម៉លើ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូម៉ាក ហុងដាឌ្រីម តាកែវ 1Q-8113 ជាមធ្យោបាយ ។

តាមសម្តីជនរងគ្រោះ គ្រាន់តែប្រាប់ថា ជិះម៉ូតូរកផ្លូវទៅផ្ទះ បែជាច្រឡំខុសផ្លូវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះស្រវឹងស្រា ជិះម៉ូតូវង្វេងរកផ្លូវទៅផ្ទះមិនឃើញ ជិះឡើងស្ពានអាកាស ផ្លូវល្បឿនលឿន ចំណុចមហាវិថីឈ្នះ ឈ្នះ នឹកស្មានថាជាស្ពានអាកាសជម្ពូវ័ន ដោយធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ ក្បែរបញ្ជរបង់ប្រាក់ កំបូល ជ្រុលទៅបុកខឿនទ្រូងផ្លូវ បណ្តាលឱ្យដួលរងរបួសជើងឆ្វេង សន្លប់វង្វេងបាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបុគ្គលិក ក្រុមអន្តរាគមន៍ផ្លូវល្បឿនលឿន លើកយកដាក់កៀនខាង ដើម្បីសុវត្តិភាព ហើយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូប្រគល់ឱ្យសមត្ថកិច្ច ខណ្ឌកំបូលយកទៅរក្សាទុក ជូនជនរងគ្រោះ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.