ឈាន​ចូល​ដល់​ភាគ​បញ្ចប់​ជា​ស្ថាពរ​ហើយ​សម្រាប់​រឿង​ភាគ​ខ្មែរ​ «រសជាតិ​អ្នក​មាន​» ប៉ុន្តែ​ភាគ​បញ្ចប់​​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​អស់​ចិត្ត​នោះ​ទេ​ ដល់​ថ្នាក់​សូម្បី​តែ​ KaKa KH Australia ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​នោះ ​​ដល់​ថ្នាក់​ចេញ​មុខ​មក​ទាមទារ​សុំ​ភាគ​បញ្ចប់​ថ្មី​ពី​ទូរទស្សន៍​ PNN ទៀត​ផង​។

​រឿង​ភាគ​ដែល​ជា​ស្នាដៃ​ដឹកនាំ​ដោយ​អ្នក​ស្រី​ពាន់​ ភួងបុប្ផា​ខាង​លើ​នេះ​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​និយម​គាំទ្រ​រឿង​ភាគ​ខ្មែរ​ ព្រោះ​តែ​សាច់រឿង​មាន​អាថ៌កំបាំង បង្កប់​ទៅ​ដោយ​ការ​អប់រំ​ពី​ជីវិត​ ​បុណ្យ​ ​និង​ ​បាប​ ​គុណ​ ​និង​ ​ទោស ​ជា​ពិសេស​គឺ​ការ​ហ៊ាន​បង្ហាញ​​ពី​តថភាព​នៃ​ស្នេហា​​ភេទ​ដូច​គ្នា​បូក​បញ្ចូល​ទៅ​ក្នុង​សាច់​រឿង​រវាង​តួ​អង្គ​បងធំ (ធានី) និង ​តួ​អង្គ​ម្ចាស់​តូច​ (មីរ៉ា)​ ​ធ្វើ​ឱ្យ​អ្នក​មើល​​ចូល​តួ​យ៉ាង​ខ្លាំង​ ហើយ​រង់ចាំ​តាមដាន​ពី​ខ្សែ​ជីវិត​​តើ​ភាគ​បញ្ចប់​នឹង​ទៅ​ជា​យ៉ាង​ណា​?​

យ៉ាង​​ណា​មិញ​ភាគ​បញ្ចប់​ហាក់​​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដែល​តាមដាន​រឿង​ភាគ​នេះ​រហូត​ដល់​ភាគ​ទី​៨៦​ (ភាគ​បញ្ចប់​) អស់​ចិត្ត​នោះ​ទេ​ព្រោះ​សាច់​រឿង​មិន​បាន​បញ្ជាក់​ថា​រវាង​ ធានី (បងធំ) និង មីរ៉ា (ម្ចាស់តូច​) បាន​ជួប​គ្នា​ជា​គូ​អនាគត​ឬ​ក៏​យ៉ាង​នោះ​ទេ​។ ដោយ​សារ​តែ​បែបនេះ​ទើប​ KaKa KH Australia ដែល​ជា​អ្នក​គាំទ្រ​រឿង​ភាគ​នេះ​មិន​អស់​ចិត្ត​ដល់​ថ្នាក់​បញ្ចេញ​សំណេរ​យ៉ាង​វែង​ក្រោយ​​ទស្សនា​រឿង​នេះ​​នៅ​លើ​ YouTube ចប់​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៩​ខែ​មេសា​ម្សិលមិញ​នេះ​។ ​

«​ខ្ញុំ​មិនដឹង​ថា​អ្នកណា​ខ្លះ​ដូច​ខ្ញុំ​ទេ​ ​ប៉ុន្តែ​ខំ​តាមដាន​តាំង​ពី​ភាគ​ ​១ ​ដល់​ភាគ​បញ្ចប់​ព្រោះ​ចង់ដឹង​ថា​​ ម្ចាស់​តូច​ ​មីរ៉ា​ ​និង​បាន​ បង​ធំ ​តួ​ធានី ​ជា​គូ​អនាគត​ដែរ​ឬទេ​? ​ទី​បញ្ចប់​អ្នក​ដឹកនាំ​រឿង​ ​រសជាតិ​អ្នក​មាន​ ស៊ី​អារម្មណ៍​ផ្លូវចិត្ត​ខ្ញុំ​ខ្លាំង​ណាស់​!​ បែរ​ជា​ចប់​ដោយ​បរិបូណ៌​ត្រឹម​រូបភាព​លោក​សកល​និង​យ៉ាដា​ទៅ​វិញ​! ​ចាំ​មើល​ Time​ ​to​ Reaction ​ទាល់​តែ​ចេញ​ភាគ​បញ្ចប់​សារ​ថ្មី​!​បាន​ព្រម​! ​រឿង​រសជាតិ​អ្នក​មាន​»​ ដក​ស្រង់​ចេញ​ពី​សំណេរ​ខ្លះ​របស់​អ្នក​នាង​ KaKa KH Australia។​

កែវ ឡាវីញ & យ៉ា សុផាន់ម៉ៃ

នៅ​ពេល​ដែល​សំណេរ​អ្នក​នាង​បាន​បង្ហោះ​មាន​ហ្វេន​អ្នក​នាង​ជា​ច្រើន​បាន​ចូល​មក​បង្ហាញ​ការ​យល់​ឃើញ​ចំពោះ​រឿង​នេះ​យ៉ាង​ច្រើន​​ដូច​​អ្នក​នាង​​ KaKa ​ដូច​គ្នា​ដែរ​ដែល​ម្នាក់​សុទ្ធ​តែ​បង្ហាញ​ការ​ខក​ចិត្ត​និង​គាំគ្រា​ចិត្ត​ដែល​មិន​បាន​ឃើញ​ឈុត​ឆាក​ផ្អែម​ល្ហែម​និង​សម​បំណង​របស់​តួ​អង្គ​ទាំង​ពីរ​ខាង​លើ​។​

ក្រោយ​សំណេរ​អ្នក​នាង KaKa ​មាន​ចំនួន​​ Like Share ​​និង​ ​Comment ​​យ៉ាង​ច្រើន​លើស​លប់​នោះ​ក៏​មាន​ខមមិន​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​បាន​ចូល​មក​ពន្យល់​ពី​មូលហេតុ​ដែល​សាច់​រឿង​តម្រូវ​ឱ្យ​បញ្ចប់​ទៅ​ដោយ​បែបនេះ​ពី​កញ្ញា​ ទូច​ បុប្ផា (Thyda PNN) ​ដែល​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៌​ភីអិនអិន​ថា​យ៉ាង​ដូច្នេះ​៖ «​ដោយសារ​រឿង​ហ្នឹង​ថត​ចំ​ពេល​កូវីត​កំពុង​ផ្ទុះ​ខ្លាំង​ ​ដូច្នេះ​ទើប​ក្រុម​ការងារ​ផលិត​ត្រូវ​កាត់​ចោល​​ location​ ​មួយ​ចំនួន​ ម្យ៉ាង​ទំរាំ​ចប់​កូវីត​មក​ថត​ឡើង​វិញ​ ​គឺ​ពិបាក​រឿង​តួ​ ​ចឹង​មាន​តែ​ច្នៃ​តាម​ហ្នឹង​»​។​

កញ្ញា ទូច បុប្ផា (ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ទូរទស្សន៌​ភីអិនអិន)

អ្នក​នាង​ KaKa KH Australia ​គឺ​ជា​ Video Creator ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​លើ​បណ្ដាញ​សង្គម​​ថ្វី​ត្បិត​តែ​បច្ចុប្បន្ន​អ្នក​នាង​រស់​នៅ​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​កម្ពុជា​​ស្រលាញ់​ចូលចិត្ត​អ្នក​នាង​​យ៉ាង​ច្រើន​ចំពោះ​អត្តចរិត​ត្រង់​ទៅ​ត្រង់​មក​មិន​ចេះ​លាក់លៀម​បែប​ណា​ថា​បែប​នោះ​ ដែល​ជា​កត្តា​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​អ្នក​ស្រលាញ់​អ្នក​នាង​គ្រប់ៗ​គ្នា៕

Share.