ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក (Paralympic Games 2020) នៅ​ប្រទេស​ជប៉ុន បាន​ដល់​ទី​បញ្ចប់​ហើយ​ក្រោយ​ដំណើរការ​​អស់​រយៈពេល​១៣​ថ្ងៃ​មក​នេះ​ខណៈ​ដែល​មេដាយ​ចំនួន​១៦៦៨គ្រឿង បាន​ចែក​ជូន​ដល់​អត្តពលិក​ជ័យលាភី​ ក្នុង​នោះ​មាន​មេដាយ​មាស​៥៣៩គ្រឿង មេដាយ​ប្រាក់ ៥៤០គ្រឿង និង​មេដាយ​សំរឹទ្ធិ​ចំនួន​៥៨៩គ្រឿង។

គណៈកម្មាធិការ​ប៉ាឡាំពិក​អន្តរជាតិ បាន​ដាក់​កីឡា​ចំនួន​២២​ប្រភេទ​ដែល​មាន​៥៣៩​វិញ្ញាសា​ ហើយ​អត្តពលិក​ចូលរួម​ប្រកួត​សរុប​ចំនួន​៤៤០៣នាក់​មក​ពី​១៦២​ប្រទេស។ ចំណែក​ប្រទេស​តំបន់​អាស៊ាន​វិញ​​​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​ចំនួន ១៤៣​​រូប​ក្នុង​នោះ​មាន៖
-កម្ពុជា ១រូប
-ឡាវ ១រូប
-ហ្វីលីពីន ៥រូប
-វៀតណាម ៧រូប
-សិង្ហបុរី ១០រូប
-ម៉ាឡេស៊ី ២២រូប
-ឥណ្ឌូណេស៊ី ២៣​រូប
-ថៃ ៧៤រូប

ដោយ​ឡែក​មេដាយ​ដែល​ប្រទេស​អាស៊ាន​ទទួល​បាន​មាន៖
ថៃ៖ មេដាយ​មាស​៥ មេដាយ​ប្រាក់​៥ មេដាយ​សំរឹទ្ធិ​៨ សរុប​១៨គ្រឿង
ម៉ាឡេស៊ី៖​មេដាយ​មាស​៣ មេដាយ​ប្រាក់​២ សរុប​៥គ្រឿង
ឥណ្ឌូណេស៊ី៖​មេដាយ​មាស​២ មេដាយ​ប្រាក់​៣ មេដាយ​សំរឹទ្ធិ​៤ សរុប​៩គ្រឿង
សិង្ហបុរី៖​មេដាយ​មាស​២គ្រឿង សរុប​២គ្រឿង
វៀតណាម៖​មេដាយ​ប្រាក់១គ្រឿង សរុប​១គ្រឿង

ចំពោះ​កម្ពុជា វិញ​កីឡាករ វ៉ាន វ៉ុន បាន​ប្រកួត​ក្នុង​វិញ្ញាសា​ប្រណាំងរទះ​ផ្នែក​បុរសMen’s 100 Metres T54 ហើយ​ជា​លទ្ធផល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង Heats 1 ក្រោយ​ឈរ​លេខ២​ ដែល​ប្រើ​ថិរវេលា​១៤.៣៩​វិនាទី។ ការប្រកួត​មាន​៣ Heats ហើយ​ក្រុម​លេខ១​និង​លេខ២ បូក​ទាំង​​កីឡាករ​ដែល​មាន​ចំណាត់​ថ្នាក់​លេខ៣​ល្អ​ជាង​គេ​បើក​ធៀប​នឹង​៣ Heats មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។ ជាលទ្ធផល​នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​កីឡាករ​កម្ពុជា ធ្វើ​​បាន​ថិរវេលា​១៤.២១ វិនាទី​ឈរ​លេខ៨ ហើយ​កីឡាករ​ថៃ Athiwat Paeng-nuea ឈ្នះ​មេដាយ​មាស ក្រោយ​ធ្វើ​បាន​ថេរវេលា​១៣.៧៦ វិនាទី៕

Telegram-Troryorng
Share.